(តូក្យូ-ជប៉ុន)៖ នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញទៅទស្សនានៅមូលនិធិជប៉ុន។

ក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានស្វាគមន៍ចំពោះសកម្មភាពសហការរវាងមូលនិធិជប៉ុន ជាមួយអាស៊ាន ជាពិសេស ក្នុងការផ្លាស់ប្តូរវប្បធម៌ ការអប់រំ និងប្រជាជន និងប្រជាជន។ លោកបណ្ឌិត ក៏បានលើកទឹកចិត្តឲ្យមូលនិធិជប៉ុន ពង្រឹង និងកសាងបន្ថែមទៀត ដោយឈរលើកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងអាស៊ាន និងជប៉ុន។

លុះនៅរសៀលថ្ងៃដដែលនេះ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចែករំលែកទស្សនៈជាមួយកាសែត NIKKEI របស់ជប៉ុន ពាក់ព័ន្ធនឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន រួមទាំង ការប្តេជ្ញាចិត្តរបស់ភាគីទាំងសងខាង ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ ក៏ដូចជា បញ្ហាតំបន់ និងអន្តរជាតិមួយចំនួនផងដែរ៕