(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប្រកាសត្រៀមខ្លួនជួយរាល់បញ្ហារបស់អ្នកវិនិយោគ ដើម្បីឱ្យការវិនិយោគរបស់គេមានដំណើរការល្អ និងទទួលបានជោគជ័យ។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រកាសបែបនេះ ក្នុងជំនួបជាមួយលោក Yoshihisa KAINUMA អគ្គនាយកក្រុមហ៊ុនមីនេបៀ (Minebea) នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ។

ក្នុងជំនួបនោះលោកអគ្គនាយក បានថ្លែងអំណរគុណឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុនចូលជួបសម្ដែងការគួរសម។ លោកអគ្គនាយកក៏បានកោតសរសើរស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលតែងតែជួយសម្របសម្រួលកិច្ចការងារនានារបស់ក្រុមហ៊ុន។

ឆ្លៀតក្នុងឱកាសនោះ លោកអគ្គនាយកស្នើសុំការគាំទ្រ និងការសម្របសម្រួលនានាបន្ថែមទៀតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើការអនុវត្តគម្រោងការងាររបស់ក្រុមហ៊ុននាពេលខាងមុខ។

លោកអគ្គនាយក ក៏បានជម្រាបជូនអំពីទិសដៅរបស់ក្រុមហ៊ុន Minebea ក្នុងការពង្រីកខ្សែសង្វាក់ផលិតកម្មរបស់ខ្លួននៅប្រទេសកម្ពុជាបន្ថែមទៀត ព្រមជាមួយនិងទិសដៅក្នុងការប្រែខ្លួនក្លាយទៅជាក្រុមហ៊ុនបៃតង តាមរយៈការកាត់បន្ថយការបំភាយឧស្ម័នកាបូនិច ដោយការអនុវត្តនេះក៏ស្របទៅតាមទិសដៅអព្យាក្រឹត្យកាបូនរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះថ្នាក់ដឹកនាំក្រុមហ៊ុនមីនេបៀ។ ជាការឆ្លើយតបលើសំណូមពរខាងលើ លោកឧបនាយករដ្ឋមន្ត្រីបង្ហាញអំពីការស្វាគមន៍យ៉ាងពេញទំហឹងក្នុងការជួយសម្របសម្រួលលើកិច្ចការងារ បញ្ហាប្រឈម និងសំណើសុំនានារបស់ក្រុមហ៊ុន៕