(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្ដែងការគួរសមពី លោកជំទាវបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។

ភាគីទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងល្អប្រសើរ នៃមិត្តភាពជាប្រពៃណី និង កិច្ចសហប្រតិបត្តិការ ជិតស្និទ្ធរវាងប្រទេសទាំងពីរ ជាច្រើនឆ្នាំមកនេះ ហើយបាន ប្តេជ្ញារួមគ្នាក្នុង ការ ធ្វើឱ្យ ប្រសើរឡើងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ លើវិស័យនានា ដែលផ្តល់ផល ប្រយោជន៍ ទៅវិញទៅមក រួមមាន នយោបាយ ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ ការពារជាតិ ទេសចរណ៍ និងការ តភ្ជាប់រវាងប្រជាជន និង ប្រជាជន។ ភាគី ទាំងពីរ បាន រំលឹកដោយក្តីសោមនស្ស និង បានចាត់ទុកព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងទស្សនកិច្ចផ្លូវការរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងតួនាទីជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា នៅសាធារណរដ្ឋ ឥណ្ឌា កាលពីដើមឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ដើម្បីធ្វើឱ្យកាន់តែ ស៊ីជម្រៅ បន្ថែមទៀតនូវ ទំនាក់ទំនងដ៏ប្រសើររវាងប្រទេសទាំងពីរ។

លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការចូលរួមចំណែករបស់ឥណ្ឌា ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ទន្ទឹមនឹងនេះ លោកជំទាវ ឯកអគ្គរដ្ឋទូត បាន បញ្ជាក់សាជាថ្មី អំពី ការប្តេជ្ញារបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការគាំទ្រកម្ពុជាដើម្បី ពន្លឿនការអភិវឌ្ឍជាតិ។

ភាគីទាំងពីរ បាន កត់សម្គាល់ដោយក្តីរីករាយចំពោះភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ និង បាន លើកទឹកចិត្តឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធពិភាក្សា បន្ថែមអំពី មធ្យោបាយថ្មីៗ ដើម្បីបំពេញបន្ថែមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ដែលមាន គោលបំណងពង្រីកការវិនិយោគ និង ពាណិជ្ជកម្មទ្វេភាគី។ ភាគីទាំងពីរ បាន សង្កត់ធ្ងន់ ពី សារៈសំខាន់នៃកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី៣ រវាងក្រសួងការបរទេសទាំងពីរ ដែលនឹង ប្រព្រឹត្តទៅ នៅទីក្រុងញូវដែលី នាពេលឆាប់ៗខាងមុខ ដែលកិច្ចប្រជុំនេះជា យន្តការ សំខាន់ សម្រាប់ ពិនិត្យឡើងវិញនូវ កិច្ចសហ ការ ដែលកំពុងមាន ស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ និង កំណត់ទិសដៅសកម្មភាពថ្មីផ្សេងទៀត ដើម្បីពង្រឹង និង ពង្រីក ភាពជាដៃគូនៃប្រទេសទាំងពីរ។ ភាគីទាំងពីរ បានស្វាគមន៍ចំពោះការធ្វើការរួមគ្នាបន្ថែមទៀត ក្នុងវិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា រវាងប្រទេសទាំងពីរ ដែលនឹងផ្ដល់ប្រយោជន៍យ៉ាងធំធេងក្នុងការអភិវឌ្ឍឌីជីថល នៅកម្ពុជា។

ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និង អន្តរជាតិ ដែលជាផលប្រយោជន៍ និង កង្វល់ រួម ព្រមទាំងបានឯកភាព គាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌពហុភាគីផងដែរ៕