(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ៣៧៥គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងនោះមានម៉ូតូ ៣៤១គ្រឿង និងរថយន្ត ៣៤គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

បើតាមអ្នកនាំពាក្យ, សម្រាប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៩,៥៨៩គ្រឿង ក្នុងនោះមានម៉ូតូ ៨,១៥៣គ្រឿង និងរថយន្តគ្រប់ប្រភេទ ១,៤២៦គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក ស្រវឹង បើកបរក្រោមសារធាតុញៀន ការដាក់តាំង ល្មើសល្បឿន កែច្នៃ និងល្មើសភ្លើង-ផ្លាកសញ្ញាជាដើម។ ដោយឡែករថយន្តរួមមាន៖ ស្រវឹង អត់ស្លាកលេខ ល្មើសភ្លើង-ផ្លាកសញ្ញា អត់បណ្ណបើកបរ និងល្មើសល្បឿនជាដើម។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ០៤លើក ក្នុងនោះអ្នកស្លាប់ចំនួន ០១នាក់ របួសចំនួន ០៥នាក់ (របួសធ្ងន់ចំនួន ០៤នាក់)។ រយៈពេល ២៧ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២៥៥លើក បណ្ដាលឱ្យមនុស្សស្លាប់ ១២២នាក់ របួស ៣៣២នាក់ (របួសធ្ងន់ ២០០នាក់)៕