(ភ្នំពេញ)៖​ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិតជូន លោក WANG IIUNING ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន ដោយចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ លោក Li Keqiang អតីតនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។

ក្នុងសារលិខិត សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានលើកឡើងថា៖ «ឯកឧត្ដម Li Keqiang គឺជារដ្ឋបុរសដ៏ឆ្នើមមួយរូបដែលបានលះបង់ដើម្បីបុព្វហេតុអភិវឌ្ឍសង្គម- សេដ្ឋកិច្ចប្រទេសចិនឱ្យមានការរីកចម្រើនដ៏អស្ចារ្យ ដែលនាំមកនូវវឌ្ឍនភាព វិបុលភាព និងឧត្តមភាពដ៏ ខ្លាំងក្លាទាំងក្នុងតំបន់ និងសកលលោក។ ឯកឧត្ដម Li Keqiang ជាមិត្តភក្តិដ៏ល្អរបស់កម្ពុជា ដែលបានយក ចិត្តទុកដាក់ និងផ្តល់សារៈសំខាន់ខ្ពស់ដល់ការថែរក្សាពូនជ្រុំចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហ ប្រតិបត្តិការជាប្រវត្តិសាស្ត្ររវាងកម្ពុជា-ចិន និងធ្លាប់បានរួមដំណើរជាមួយប្រជាជនកម្ពុជាក្នុងការកសាង និងអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានការរីកចម្រើនឆាប់រហ័ស ដែលមនោសញ្ចេតនាមិត្តភាពដ៏ជ្រាលជ្រៅនេះ បានដក់ជាប់នៅជាមួយប្រជាជនកម្ពុជាជារៀងរហូត។

ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំ និងក្ដុកក្ដួលបំផុតជាមួយឯកឧត្តមប្រធាន និងសមាជិក សភាប្រឹក្សានយោបាយប្រជាជនចិន ជាមួយក្រុមគ្រួសារឯកឧត្តមLKeqiang រដ្ឋាភិបាល និងជាមួយប្រជា ជននៃសាធារណរដ្ឋប្រជាមានិតចិនទាំងអស់ចំពោះការបាត់បង់ដ៏ធំធេងនេះ។

ខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្ដម Li Keqiang បានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ»៕