(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៣នេះ មិនមានការដាក់បេក្ខជន ឲ្យនៅបន្ទប់ដាច់ដោយឡែក ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩នោះទេ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន សន្និសីទសារព័ត៌មាន ស្តីពី ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣។ សន្និសីទសារព័ត៌មាននេះ រៀបចំឡើង នៅអគារទីស្តីការក្រសួងអប់រំ នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។

រដ្ឋមន្ដ្រីអប់រំ បានបញ្ជាក់យ៉ាងដូច្នេះថា «ពាក់ព័ន្ធនឹងកូវីដ១៩ យើងដឹងហើយថា ទូទាំងពិភពលោកកូវីដហាក់បីដូចជា លែងមានហើយ ក្លាយទៅជាជំងឺអាចថា ជាជំងឺផ្កាសាយធម្មតា [...] ជារួមមិនមានបញ្ហានេះទេ ប៉ុន្ដែក្រសួងនៅតែស្នើសុំឲ្យបេក្ខជនគោរព ទៅតាមបទដ្ឋានផ្សេងៗ រួមទាំងសុខភាពអនាម័យជាដើម ដូច្នេះមិនមានការដាក់បេក្ខជន ឲ្យនៅក្នុងបន្ទប់ដាច់ដោយឡែកនោះទេ»

បើតាមការបញ្ជាក់ របស់ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បេក្ខជនចុះឈ្មោះប្រឡងសរុប ១៣៧ ៤១២នាក់ កើនឡើងជាង៩ពាន់នាក់ ស្រី៧៣ ២៧៨នាក់ ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្រ្ត មានចំនួន ៤១ ៣៧៩ នាក់ ស្រី ២៤ ៧៨៩នាក់ បេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គម មានចំនួន ៩៦ ០៣៣នាក់ ស្រី ៤៨ ៤៨៩នាក់។

វិញ្ញាសាជម្រើស សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង​៖ ០៦ វិច្ឆិកា ២០២៣ ត្រូវបានកំណត់ដូចខាងក្រោម៖

១៖ សម្រាប់ថ្នាក់វិទ្យាសាស្ដ្រ៖ ប្រវត្ដិវិទ្យា
២៖ សម្រាប់ថ្នាក់វិទ្យាសាស្ដ្រសង្គម៖ ផែនដី និងបរិស្ថានវិទ្យា៕