(ភ្នំពេញ)៖ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ លោកវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តវិធីលេបថ្នាំបង្ការជាមុន នៅពេលត្រូវប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេដស៍ ដែលហៅកាត់ថា «ប្រឹព PrEP»

កម្មវិធីនេះមានការអញ្ជើញចូលរួមពីប្រធានមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និង កាមរោគ (NCHADS) លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា, តំណាងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ, តំណាងអង្គការ UNAIDS , FHI360, US-CDC និងតំណាងសហគមន៍ផងដែរ។

វិធីលេបថ្នាំបង្ការជាមុន នៅពេលប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេដស៍ ដែលហៅកាត់ថា «ប្រឹព PrEP» បានចាប់ផ្ដើមតាំងពីឆ្នាំ២០១៩ រៀបចំដោយមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) សហការនិងគាំទ្របច្ចេកទេសពី គម្រោង EpiC/ FHI360, UNAIDS, WHO, USAID, GLOBAL FUND, US-CDC, KHANA, RHAC, MHC, MHSS, CWPD, AHF និងអង្គការផ្សេងៗទៀត។

តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា បានឱ្យដឹង «ជាលទ្ធផលគិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២៣ កម្ពុជាយើងមានសេវាប្រឹពចំនួន៣៩ទីតាំង ដោយ២៧ទីតាំង មាននៅមន្ទីពេទ្យ/មណ្ឌលសុខភាព និង១២ទីតាំង មាននៅតាមសហគមន៍ ក្នុងរាជធានី-ខេត្ត ចំនួន ១៤ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល បាត់ដំបង សៀមរាប បន្ទាយមានជ័យ ព្រះសីហនុ កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម តាកែវ កំពត ពោធិ៍សាត់ ត្បូងឃ្មុំ និងខេត្តកំពង់ធំ និងមានអ្នកទទួលសេវាប្រឹព សរុបចំនួន ១៣,៣០៦នាក់»។

លោកបន្ដថា តាមរយៈអង្គការសុខភាពពិភពលោក (WHO) វិធីលេបថ្នាំបង្ការជាមុននៅពេលមានការប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេដស៍ហៅថា ប្រឹព (PrEP) គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពដែលអាចបង្ការការចម្លងមេរោគអេដស៍ បានរហូតដល់ ៩៨% នៅពេលដែលយើងប្រើប្រាស់វាបានត្រឹមត្រូវតាមការណែនាំរបស់អ្នកផ្តល់សេវាប្រឹព។

លោកវេជ្ជបណ្ឌិត បានបន្ថែមថា ក្រុមប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគអេដស៍ បានទទួលសេវាប្រឹពដើម្បីបង្ការការចម្លងមេរោគអេដស៍ បន្ថែមពីការទទួលបានសេវាបង្ការផ្សេងៗទៀត ដូចជាស្រោមអនាម័យនិងការកាត់បន្ថយការប្រពឹ្រត្តិដែលប្រឈមមុខ។ លោកបានបន្ត «យើងក៏បាននឹងកំពុងធ្វើបទអន្តរាគមន៍ជាច្រើន ជាពិសេស ការអប់រំផ្សព្វផ្សាយទាំងដោយជួបផ្ទាល់ និងតាមរយ: អនឡាញ ក្នុងគោលបំណងផ្តល់ព័ត៌មានទាក់ទងនឹងការបង្ការ ថែទាំ ព្យាបាលជំងឺអេដស៍និងកាមរោគ ដល់ប្រជាជនទូទៅ និងបង្កើនការធ្វើតេស្តរកមេរោគអេដស៍ ជាពិសេស ក្រុមដែលមានការប្រព្រឹត្តប្រឈម»។

ក្នុងឱកាសនោះដែរ លោកវេជ្ជបណ្ឌិត ហុក គឹមចេង បានបញ្ជាក់ថា កម្ពុជាបានទទួលជោគជ័យក្នុងការរុករកករណីនៃអ្នកផ្ទុកមេរោគអេដស៍ឱ្យមកទទួល សេវាថែទាំ និងព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ គឺនៅឆ្នាំ២០២២ ប្រទេសកម្ពុជាសម្រេចបាន ៩៥, ទី២ (៩៩%) មានន័យថា ៩៩% នៃអ្នកជំងឺអេដស៍ដែលបានដឹងខ្លួនថា ផ្ទុកមេរោគអេដស៍បានទទួលសេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និងទី៣ (៩៧%) មានន័យថា ៩៧% នៃអ្នកព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ មានលទ្ធផលបន្ទុកមេរោគអេដស៍ក្នុងឈាមមិនអាចរកឃើញ ហើយយើងត្រូវជំរុញបង្កើននូវគោលដៅ ៩៥ ទី១ ដែលទើបតែសម្រេចបាន ៨៦%។

ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត ហុក គឹមចេង បានផ្ដល់ជាអនុសាសាសន៍មួយចំនួនផងដែរ ដើម្បីឈានទៅសម្រេចបាននូវគោលបញ្ចប់មេរោគអេដស៍ និងជំងឺអេដស៍ ក្នុងឆ្នាំ២០២៥។

សូមជម្រាបថាសម្រាប់អ្នកដែលចង់ធ្វើការតេស្តឈាម និងទទួលសេវាប្រឹព គឺដោយឥតគិតថ្លៃ និងសូមចូលទៅកាន់៖ https://-tohtest.org/ ឬនៅតាមកន្លែងផ្ដល់សេវាប្រឹព ចំនួន៣៩ទីតាំង ដែលមាននៅខាងលើនេះ៕