(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនទាន់មានការកំណត់ណាមួយ អនុញ្ញាតឱ្យសិស្សដែលប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និទ្ទេស A, B, C អាចចូលធ្វើជាគ្រូបង្រៀនដោយស្វ័យប្រវត្តិនោះទេ។

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន គូសបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ០៦ វិច្ឆិកា ២០២៣» នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣​។

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា​ ក្រសួងអប់រំ មានបំណងចង់ឱ្យសិស្សពូកែ ដែលជាប់និទ្ទេសល្អ ចូលធ្វើការងារជាគ្រូបង្រៀន ប៉ុន្តែការកំណត់ថាឱ្យសិស្សជាប់និទ្ទេស A, B, C ជាប់ដោយស្វ័យប្រវត្តិ ក្រសួងមិនទាន់មានការសម្រេចណាមួយនៅឡើយទេ។​

លោកលើកឡើងបន្តថា «ជាគោលការណ៍របស់រាជរដ្ឋាភិបាល គឺចង់ឱ្យមានការប្រឡង ដើម្បីឱ្យសិស្សបានបង្ហាញពីសមត្ថភាពខ្លួនឯង​។ ព្រោះជូនកាលគាត់ប្រឡងបាក់ឌុបគាត់ រៀងធ្លាក់ពិន្ទុបន្តិច ហើយប្រសិនបើគាត់ខំប្រឹងរៀនបន្ត ពេលទៅប្រឡងគ្រូអាចនឹងបានពិន្ទុល្អជាង ដោយសារតែការប្រឡងគ្រូខុស ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិអាចមាននិទ្ទេស A, B, C ច្រើន ប៉ុន្តែការប្រឡងចូលគ្រូ គឺប្រឡងតាមបែបប្រណាំងប្រជែង មានន័យថាអ្នកណាបានពិន្ទុខ្ពស់ជាងនឹងជាប់»