(កណ្ដាល)៖ លោក ពៅ សោម៉ាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាល បានដឹកនាំក្រុមការងារចុះអប់រំ ផ្សព្វផ្សាយ និងបញ្រ្ជាបចំណេះដឹងដល់អាជីវករជុំវិញការទុកដាក់សម្រាមឲ្យត្រឹមត្រូវ ពិសេសផ្ដោតសំខាន់ទៅលើការ  គ្រប់គ្រងសម្រាម សំណល់រឹង សំណល់ប្លាស្ទិក ការញែកសំរាម និងយុទ្ធនាការកាត់បន្ថយការប្រើថង់ប្លាស្ទិក។ លោកបានចុះអប់រំនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកប្រធានមន្ទីរថ្លែងថា គោលបំណងចម្បងគឺ បញ្ជ្រាបចំណេះដឹងបរិស្ថានដល់មហាជនទូទៅ ជាអាជីវករចល័ត លោកគ្រូ  អ្នកគ្រូ សិស្សានុសិស្ស  ស្ត្រីនិងកុមារ ក្រុមប្រឹក្សាស្រុក/ឃុំ/សង្កាត់ ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋានអាជីវករតាមសិប្បកម្ម រោងចក្រ សកហគ្រាស អ្នកពាក់ព័ន្ធនានា ឱ្យយល់ដឹងលើការគ្រប់គ្រងសំរាម សំណល់រឹង សំណល់ ប្លាស្ទិក ការញែកសំរាម ការកាត់បន្ថយការប្រើថង់ប្លាស្ទិក «ថ្ងៃនេះ ខ្ញំមិនប្រើថង់ប្លាស្ទិកទេ» និងចូលរួមសម្អាត ថែរក្សាការពារបរិស្ថាននិងធនធានធម្មជាតិ ការដាំផ្កា និងដើមឈើ ដើម្បី «ភូមិស្អាត ផ្ទះស្អាត ផ្លូវសាធារណៈស្អាត គ្មានសំរាម» គោលដៅ ដើម្បីឱ្យខេត្តកណ្តាលមានសោភ័ណភាព ស្រស់ស្អាត បៃតង គ្មានសំរាម ពិសេស ក្រុងតាខ្មៅ ស្រស់បំព្រង គ្មានសំរាម រាយប៉ាយតាមដងផ្លូវ។ ឱ្យប្រជាពលរដ្ឋ ស្រលាញ់ស្អាត គិតស្អាត ធ្វើស្អាត ទាក់ទាញភ្ញៀវទេសចរមកកំសាន្តឱ្យបានច្រើនរៀងរាល់ពេល។
 លោកថា «យើងក៏ចង់ឱ្យពលរដ្ឋគ្រប់គ្នាមានម្ចាស់ការលើសំរាមរបស់ខ្លួនដែលខ្លួនបង្កើត ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ឱ្យបានជាអតិបរិមា»។ ការធ្វើបែបនេះ ក្រុមការងារមន្ទីរបរិស្ថានខេត្តកណ្តាល នឹងសហការអនុវត្តដូចភ្លៀងរលឹមជាមួយក្រុងស្រុកទាំង១៣ នៃរដ្ឋបាលខេត្តកណ្តាល។

មិនត្រឹមតែចុះផ្សព្វផ្សាយទេ ករមការងារ ក៍បានចុះអនុវត្តសកម្មភាពផ្ទាល់លើការសំអាត បរិស្ថាន ដោយមានការចូលរួមការងារអនុវត្តសកម្មភាពនេះ មានការចូលរួមពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ អាជីវករ កម្មករ និងប្រជាពលរដ្ឋមួយចំនួន ក្នុងក្រុងតាខ្មៅ ប្រមាណ៣៥០នាក់៕