(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ធានាអះអាងថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៣នេះ នឹងប្រព្រឹត្តទៅដោយតម្លាភាព យុត្តិធម៌ ត្រឹមត្រូវច្បាប់ ហើយលទ្ធផលទទួលយកបាន។

ការអះអាងរបស់លោករដ្ឋមន្ដ្រីក្រសួងអប់រំ ធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធដំណើការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប។ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា ២០២៣។

ឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានថ្លែងយ៉ាងដូច្នេះថា «ក្រសួងអប់រំ នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយគោរពតាមគោលទាំង៤នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន»

បើតាមលោក ហង់ជួន ណារ៉ុន ក្នុងគោលបំណងរក្សាឲ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀប រៀបរយតាមមណ្ឌលប្រឡង និងធានាឲ្យបានសុខភាពសម្រាប់គណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជន ក្រសួងអប់រំ យុវជន និងកីឡា បន្តពង្រឹងកិច្ចសហការយ៉ាងស្អិតល្មួតជាមួយក្រសួង ស្ថាប័នចំនួន៦ រួមមាន៖ ក្រសួង មហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ អគ្គិសនីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា។

លោកបន្ដថា វិញ្ញាសាទាំងអស់ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។ វិញ្ញាសាប្រឡងត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ដោយក្នុងថ្នាក់នីមួយៗមាន៧មុខវិជ្ជា។ ទម្រង់វិញ្ញាសាត្រូវបានរៀបចំជាពីរ គឺទម្រង់វិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសាដែល ត្រូវចែកជូនបេក្ខជន។

លោកឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា គណៈមេប្រយោគ និងគណៈកម្មការផ្សេងៗ ដែលត្រូវចូលរួមក្នុងដំណើរការប្រឡងនៅគ្រប់ដំណាក់កាល មានចំនួនសរុប២៩,៥២៥នាក់ ក្នុងនោះមកពីថ្នាក់ក្រសួង ចំនួន៤,១២៦នាក់ និងមកពីថ្នាក់រាជធានី ខេត្ត ចំនួន២៥,៣៩៩នាក់។

ក្រសួងអប់រំ យុវជន និងកីឡា ក៏បានអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឲ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារ ផ្សេងៗចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ បេក្ខជននឹងត្រូវបានកំណត់ឲ្យធ្លាក់ជាស្វ័យប្រវត្តិ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ។

គួរជម្រាបថា ក្រសួងនឹងបិទផ្សាយបញ្ជីឈ្មោះបេក្ខជនប្រឡងនៅតាមរាជធានី ខេត្តចំនួនពីរដង គឺលើកទី១នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ដើម្បីឲ្យបេក្ខជន បានពិនិត្យ និងរកមើលឈ្មោះតាមមណ្ឌលប្រឡង និងលើកទី២ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីពិនិត្យមើល និងបញ្ជាក់ម្តងទៀតអំពីមណ្ឌលប្រឡង លេខបន្ទប់ និងលេខតុ។

ដំណើរការសំណេរ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៦ និងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដំណើរការកំណែប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងកំណត់យកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ពេលរសៀល សម្រាប់ការប្រកាសលទ្ធផលប្រឡង នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងៗនៅ ទូទាំងប្រទេស។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង០៦ វិច្ឆិកា ២០២៣ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុបចំនួន១៣៧,៤១២នាក់ (ស្រី៧៣,២៧៨នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤១,៣៧៩នាក់ (ស្រី២៤,៧៨៩នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៦,០៣៣នាក់ (ស្រី៤៨,៤៨៩ នាក់)។

បេក្ខជនត្រូវបានរៀបចំចំនួន២៥នាក់ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។

មណ្ឌលសំណេរមានចំនួនសរុប២២៧មណ្ឌល ត្រូវជា៥,៥៤៣បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៧២មណ្ឌល ត្រូវជា១,៦៨២បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន១៥៥មណ្ឌល ត្រូវជា៣,៨៦១បន្ទប់។

មណ្ឌលកំណែសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានចំនួន១០មណ្ឌល នៅរាជធានីភ្នំពេញ៕