(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ​បានណែនាំឲ្យក្រសួងពាក់ព័ន្ធបង្កើនសកម្មភាពទាក់ទងទេសចរណ៍ឱ្យបានកាន់តែច្រើន ជាពិសេសពង្រឹងការគ្រប់គ្រងតំបន់អង្គរឲ្យបានកាន់តែប្រសើរ​ ដើម្បីទាក់ទាញភ្ញៀវទេសចរ។

ការណែនាំសម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នៅទីស្ដីការនាយករដ្ឋមន្ដ្រី (វិមានសន្ដិភាព) ដោយពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៤ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។

ការណែនាំបង្កើនជំរុញឱ្យបង្កើនសកម្មភាពទេសចរណ៍នេះ ស្របពេល​កន្លងមក សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ​ឆ្នាំ២០២៣នេះ ក្រោមយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023) កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិប្រមាណ៥លាននាក់ កើនឡើង១២០% និងទេសចរជាតិប្រមាណ១៧លាននាក់ និងឆ្នាំ២០២៨ ទេសចរអន្តរជាតិអាចកើនដល់៨លាននាក់។ ការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ក៏មានការចូលចំណែកពីវិស័យនានា ជាពិសេសការចូលរួមចំណែកយ៉ាងសកម្មពីភាគីពាក់ព័ន្ធក្នុងការអនុវត្តផែនទីចង្អុលផ្លូវនៃផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងអំឡុងពេលនិងក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ក៏ដូចជាផែនការយុទ្ធសាស្ត្រនានាដែលបានដាក់ចេញនាពេលកន្លងមក​។

ក្នុងដំណើរទស្សនកិច្ចទៅកាន់តែខេត្តសៀមរាប កាលពីដើមខែតុលា ​លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ​​បានលើកឡើងពីគំនិតផ្ដួចផ្ដើមយុទ្ធសាស្ត្ររួមក្នុងការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ការប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ដោយផ្តោតលើ សសរស្ដម្ភយុទ្ធសាស្ត្រទាំង៥ ហៅកាត់ថា «បង្កើន៥-BUILD» និងការងារគាំទ្រអាទិភាពចំនួន៣ ហៅកាត់ថា «អភិវឌ្ឍ៣-3Ds» ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​កម្ពុជា ដែលជានិច្ចកាល សម្ដេចធិបតី តែងតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើភាពជាដៃគូយ៉ាងជិតស្និទ្ធ រវាង«រដ្ឋ-ឯកជន»។

ជាមួយគ្នា ​លោកបានប្តេជ្ញាចិត្តក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជា ឱ្យមានភាពល្អប្រសើរ ជាពិសេសលើកតម្កើនកម្រិតជីវភាពរបស់ប្រជាពលរដ្ឋមូលដ្ឋាន តាមរយៈការទាក់ទាញទេសចរឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន និងស្នាក់នៅឱ្យបានយូរ។

ទន្ទឹមនឹងនោះ ​លោកបានស្នើឱ្យប្រជាពលរដ្ឋសហគមន៍ និងសមាជិកសមាគម ទាំងអស់បន្តពង្រឹងគុណភាពសេវាកម្មជូនភ្ញៀវទេសចរប្រកបដោយគុណភាព ធានាបាននូវបដិសណ្ឋារកិច្ចល្អ និងភាពលេចធ្លោនៃគោលដៅទេសចរណ៍ ព្រមជាមួយការរក្សាបាននូវអត្តសញ្ញាណវប្បធម៌នៃភាពជាខ្មែរ​៕

សូមជម្រាបថា ​រយៈពេល៨ខែ ឆ្នាំ២០២៣ កម្ពុជាបានភ្ញៀវទទួលទេសចរអន្តរជាតិជាង ៣.៥លាននាក់ កើនឡើង ២៥០.៨% រីឯភ្ញៀវទេសចរជាតិមានប្រមាណ១២.៣៨លាននាក់ កើនឡើង ៦២.៥% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២​៕