(ភ្នំពេញ)៖ លោក សម រង្ស៉ី ប្រធានគណបក្សសង្រ្គោះជាតិ បានអះអាងថា គណបក្សសង្រ្គោះជាតិ នឹងរៀបចំពិធីសំណេះសំណាលជាមួយអ្នកគាំទ្ររបស់ខ្លួន នៅប្រទេសបារាំង នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ខាងមុខនេះ ដោយក្នុងនោះលោកអះអាងថា លោក កឹម សុខា ដែលកំពុងឃុំខ្លួនឯង នៅទីស្នាក់ការ រាជធានីភ្នំពេញ ក៏នឹងចូលរួមដែរ។
នៅលើបណ្តាញសង្គម Facebook លោក សម រង្ស៉ី បានប្រកាសយ៉ាងដូច្នេះថា «គណបក្សសង្គ្រោះជាតិប្រចាំប្រទេសបារាំង នឹងប្រារព្ធពិធីជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ រស់នៅប្រទេសបារាំង ក្រោមអធិបតីភាពលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា អនុប្រធាន គណបក្សសង្គ្រោះជាតិ នាថ្ងៃសៅរ៍ទី ២៧ ខែសីហា ឆ្នាំ ២០១៦ នៅអាសយដ្ឋាន ៖ Hôtel Explorers, 50 avenue de la Fosse des Pressoirs, 77700 Magny le Hongre ចាប់ពីម៉ោង ០២:០០ រសៀល ដល់ម៉ោង ០៦:០០ ល្ងាច»។
នៅលើ Facebook ទាំងអ្នកគាំទ្រ និងអ្នកតាមដាននយោបាយរបស់គណបក្សប្រឆាំងនេះ បានចោទជាសំណួរថា តើ លោក កឹម សុខា ហ៊ានចាកចេញ ទៅក្រៅប្រទេស ដើម្បីចូលរួមពិធីសំណេះសំណាលនេះដែរឬទេ ខណៈដែលប្រធានស្តីទីគណបក្សប្រឆាំងរូបនេះ ត្រូវបានតុលាការដាក់បម្រាម មិនឱ្យចាកចេញទៅក្រៅប្រទេសឡើយ ដោយសារតែលោកកំពុងពាក់ព័ន្ធនឹងពាក្យបណ្តឹងមួយចំនួន ក្នុងនោះក៏មានបទបរិហារកេរ្តិ៍ និងបទមិនខ្លួនតាមការកោះហៅរបស់តុលាការ ក្នុងនាមជាសាក្សីរឿងសញ្ចារកម្មផងដែរ។
មជ្ឈដ្ឋានជាច្រើនបានវិភាគថា បើលោក កឹម សុខា ពិតជាទៅចូលរួមនៅប្រទេសបារាំងដូចការលើកឡើងរបស់ លោក សម រង្ស៉ី មែននោះ លោក កឹម សុខា ដែលកំពុងសម្ងំនៅទីស្នាក់ការគណបក្សសង្រ្គោះជាតិនោះ ក៏អាចប្រឈមនឹងការចោទប្រកាន់មួយផ្សេងទៀត ពាក់ព័ន្ធនឹងការប្រឆាំងនឹងការសម្រេច របស់តុលាការផងដែរ៕