(ភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ បានអនុម័តទាំងស្រុងហើយ លើ «សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២»។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

សេចក្តីប្រកាសព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២នេះ មាន៣ជំពូក និង២២មាត្រា។

ថវិកាឆ្នាំ២០២២ ត្រូវបានគិតគូរៀបចំ និងអនុវត្តដោយតម្រង់ការប្រើប្រាស់ធនធាន លើការបន្តប្រយុទ្ធ និងការកសាងសមត្ថភាពរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ក៏ដូចជាការទ្រទ្រង់ដល់និរន្តរភាព នៃប្រតិបត្តិការរបស់រដ្ឋមិនឲ្យរាំងស្ទះ ជាពិសេសការស្តារជីវភាពប្រជាជន និងការស្ដារកិច្ចអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក៏ដូចជាសម្រេចឲ្យបាន នូវនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០២៣។

នៅឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញ ក្នុងអត្រា ៥.២% ដោយរក្សាបានស្ថិរភាព នៃតម្រូវការសាកល ល្អជាងការរំពឹងទុក បើទោះបីជាទទួលរងផលប៉ះពាល់ពីសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន យ៉ាងណាក្តី។ ការងើបឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជា បានឆ្លុះបញ្ចាំងតាមរយៈស្ថានភាពល្អប្រសើរ នៃវិស័យបម្រើឲ្យការនាំចេញ ជាពិសេសអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ។

ផ.ស.ស សម្រាប់មនុស្សម្នាក់ៗ បានកើនឡើងពី ១ ៦៥៩ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ ដល់ប្រមាណ ១ ៧៨៨ ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២២។

សេចក្តីព្រាងច្បាប់ បានឲ្យដឹងថា នៅឆ្នាំ២០២២ ចំណូលថវិការដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អនុវត្តបានចំនួន ៣៧ ២៦៤ ៧៩១.៧ លានរៀល ស្មើនឹង ៣០.៨០% នៃ ផ.ស.ស. ខ្ពស់ជាងច្បាប់ហិរញ្ញវត្ថុ ៦.២%។ ចំណែកការអនុវត្តចំណាយវិញ នៅឆ្នាំ២០២២ ការចំណាយថវិការដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានចំនួន៣២ ៣៧៥ ៨៦៤.៤ លានរៀល ស្មើនឹង ២៦.៧៦% នៃ ផ.ស.ស. ទាបជាងច្បាប់ហិរញ្ញវត្ថុចំនួន ៨.៨%៕