(ភ្នំពេញ)៖ រាជរដ្ឋាភិបាលបានលើកសំណើសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រាយរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអេមីរ៉ាតអារ៉ាប់រួម។

ក្នុងសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានលើកឡើងនូរបៀបវារៈធំៗចំនួន៤ ហើយក្នុងចំណោមនោះមានការលើកសំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រាយរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអេមីរ៉ាតអារ៉ាប់រួម។

សេចក្ដីប្រកាសព័ត៌មានបានបន្តថា សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអេមីរ៉ាតអារ៉ាប់រួម ត្រូវបានរៀបចំឡើងចំនួន៣មាត្រា។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅប្រទេសកម្ពុជា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ រវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។

បើតាមសេចក្ដីប្រកាសព័ត៌មានដដែលថា តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងមានលទ្ធភាពក្នុងការធ្វើពិពិធកម្មទីផ្សារសម្រាប់ការនាំចេញ ទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម ទាក់ទាញទីផ្សារពីតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង ព្រមទាំងជួយជំរុញនិងទាក់ទាញក្រុមហ៊ុនវិនិយោគ និងភ្ញៀវទេសចរពីអេមីរ៉ាតអារ៉ាប់រួមមកកាន់កម្ពុជាផងដែរ៕