(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ បានណែនាំឲ្យស្ថាប័នពាក់ព័ន្ធស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធនានា ដែលរងការខូចខាតដោយសារទឹកជំនន់ និងសិក្សាដើម្បីបញ្ចៀសផលប៉ះពាល់ ដោយសារទឹកជំនន់។

ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នៅទីស្ដីការនាយករដ្ឋមន្ដ្រី (វិមានសន្ដិភាព) ដោយពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៤ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។

ក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ដ្រីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យស្ថាប័នពាក់ព័ន្ធ ស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនានា ដែលរងការខូចខាតដោយទឹកជំនន់ និងផ្ដល់ស្រូវពូជដល់ប្រជាកសិករ ដើម្បីចាប់ផ្ដើមការដាំដុះឡើងវិញ។

បន្ថែមពីនោះទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យស្ថាប័នពាក់ព័ន្ធ សិក្សាឲ្យបានល្អិតល្អន់ ដើម្បីបញ្ចៀសផលប៉ះពាល់ ដោយទឹកជំនន់ទៅថ្ងៃអនាគត នៅតំបន់ណាដែលអាចកាត់បន្ថយ ឬបញ្ចៀសបាន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងស្ថាប័នពាក់ព័ន្ធ ដែលបានអន្តរាគមទាន់ពេលវេលា ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ និងបានណែនាំឲ្យបន្ត ត្រៀមលក្ខណៈឲ្យបានគ្រប់ពេលវេលាផងដែរ៕