(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា លោកនឹងសហការការងារ ឲ្យបានជិតស្និតបំផុតជាមួយនឹងអង្គការ NATO ដើម្បីតាមកម្ចាត់ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS ប្រសិនបើលោក ឈ្នះឆ្នោតក្លាយជាប្រធានាធិបតីនោះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០១៦។
លោក Trump បានថ្លែងនៅក្នុងបទបង្ហាញនយោបាយសំខាន់ៗ របស់លោក ទៅកាន់ក្រុមអ្នកគាំទ្រថា លោកនឹងបង្កើន ចំនួនទ័ពជួរមុខ, ការគ្រប់គ្រងតាមអ៊ីនធើណែត, និង ហិរញ្ញវត្ថុ។ ទោះបីជាមានការលើកឡើង បែបនេះក្តី លោក Trump ហាក់មិនបានបង្ហាញថា តើនយោបាយថ្មីរបស់លោកនេះ វាខុសប្លែកពីនយោបាយដែលមាន ស្រាប់របស់ប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា យ៉ាងម៉េចខ្លះទេ ខណៈដែលរដ្ឋាភិបាលអាមេរិកបច្ចុប្បន្ន បាននិងកំពុងអនុវត្តន៍វាស្រាប់ទៅហើយនោះ។
លោក Trump បានបង្កត់ធ្ងន់ដូច្នេះថា «យើងនឹងសហការគ្នាឲ្យបានជិតស្និតជាមួយនឹងអង្គការ NATO សម្រាប់បេសកកម្មថ្មីមួយនេះ»។ វាជាការលើកឡើងរបស់បេក្ខជនគណបក្សសាធារណរដ្ឋរូបនេះ បន្ទាប់ពីទទួលរងពាក្យ រិះគន់យ៉ាងខ្លាំងពីសំណាក់បណ្តាប្រទេស សម្ព័ន្ធមិត្តរបស់អាមេរិក និងសូម្បីតែសមាជិកនៅក្នុងគណបក្សខ្លួនឯង។
កន្លងមកនេះ លោក Trump តែងតែលើកឡើងពី នយោបាយមួយចំនួន ដែលផ្ទុយទៅនឹងការចង់បានរបស់សម្ព័ន្ធមិត្ត ជាពិសេសអង្គការ NATO ដែលមាន ២៨ប្រទេសជាសមាជិក ទើបពេលនេះលោកបានព្យាយាម សម្រាលស្ថានការណ៍ មកវិញ ខណៈតំណែងជាប្រធានាធិបតីនេះ នឹងមិនត្រឹមតែត្រូវការការគាំទ្រពី ប្រជាជនក្នុងស្រុកប៉ុណ្ណោះទេ តែវាចំាបាច់ ទទួលការគាំទ្រពីបណ្តាប្រទេស សម្ព័ន្ធមិត្តជាដៃគូ ដែលមិនអាចខ្វះបានសម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ៕