(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃកម្ពុជា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ បានផ្ញើសារលិខិតរំលែកមរណទុក្ខជូន លោក លី​ ឈាង នាយករដ្ឋមន្ត្រីចិន ចំពោះមរណភាពរបស់លោក លី ខឺឈាង អតីតនាយករដ្ឋមន្ត្រីចិន។ នេះបើតាមសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានខ្លឹមសារដូច្នេះថា៖ « ខ្ញុំមានសេចក្តីទុក្ខសោកជាទីបំផុត ដោយទទួលបានដំណឹងអំពីមរណភាព នៅទីក្រុងសៀងហៃ កាលពីព្រឹកមិញនេះ របស់ឯកឧត្តម លី ខឺឈាង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ការិយាល័យនយោបាយ នៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តចិន លើកទី១៧ ១៨ និងទី១៩ និងជាអតីតនាយករដ្ឋមន្ត្រីចិន។

មរណភាពរបស់ឯកឧត្តម លី ខឺឈាង ជាការបាត់បង់នូវឥស្សរជន នយោបាយដ៏លេចធ្លោមួយរូប ក្នុងប្រវត្តិសាស្ត្រនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានរួមចំណែកដោយផ្ទាល់ ដល់ស្ថិរភាពប្រទេសចិន។

ឯកឧត្តម លី ខឺឈាង នឹងត្រូវបានចងចាំជានិច្ច ក្នុងនាមជាមិត្តរបស់កម្ពុជា។ ក្នុងឋានៈជានាយករដ្ឋមន្ត្រី ឯកឧត្ដម លី ខឺឈាង បានបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០១៨ និងឆ្នាំ២០២២ ដែលក្នុងអំឡុងពេលនោះ ឯកសារកិច្ចសហប្រតិបត្តិការជាច្រើន ត្រូវបានចុះហត្ថលេខា ពាក់ព័ន្ធវិស័យនានា រួមមាន ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ថាមពល សុខាភិបាល ការប្រែប្រួលអាកាសធាតុ គយ បច្ចេកវិទ្យា ឱសថបុរាណចិន និងអប់រំ។

ឯកឧត្តម លី ខឺឈាង ក៏បានដើរតួនាទីយ៉ាងសកម្ម ក្នុងទំនាក់ទំនងជាមួយ ថ្នាក់ដឹកនាំអាស៊ាន ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន និងកិច្ចប្រជុំកំពូលអាស៊ានបូកបី។

ក្នុងពេលវេលាដ៏សែនសោកសៅនេះ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏សែន ក្រៀមក្រំបំផុតជូនចំពោះឯកឧត្តម ក្រុមគ្រួសារនៃសព និងប្រជាជនចិន ចំពោះការបាត់បង់ដ៏ធំធេងនៃរដ្ឋបុរសដ៏អស្ចារ្យម្នាក់។ សូមវិញ្ញាណក្ខន្ធឯកឧត្តម លី ខឺឈាង បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»៕