(កណ្ដាល)៖ សិស្សត្រៀមប្រឡងថ្នាក់ទី១២ នៃវិទ្យាល័យហ៊ុនសែនសេរីភាពតាខ្មៅចំនួន២០០នាក់ នាពេលថ្មីៗនេះទទួលបានការតម្រង់ទិសដៅច្បាស់លាស់ផ្អែកតាមការសិក្សាជំនាញក្រោយប្រលងជាប់ ដើម្បីកំណត់ទិសដៅរបស់ខ្លួនឆ្ពោះទៅកាន់ការសិក្សាជំនាញណាមួយដែលខ្លួនស្រឡាញ់ សិក្សាលើជំនាញនោះឱ្យច្បាស់លាស់ជាមួយនឹងអាហាររូបករណ៍ដែលសាកលវិទ្យាល័យវេស្ទើន ផ្ដល់ជូនសម្រាប់សិស្សពូកែ។

លោក តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវេស្ទើន បានថ្លែងថា កម្មវិធីតម្រង់ទិសនេះធ្វើឡើងដោយសាកលវិទ្យាល័យវេស្ទើន សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្តាល និងមានការចូលរួមពីលោកនាយកវិទ្យាល័យ ក្នុងគោលបំណងពន្យល់ប្រាប់ និងណែនាំ ក៏ដូចជាលើកទឹកចិត្តដល់សិស្សថ្នាក់ទី១២ទាំងអស់ ដែលត្រៀមខ្លួនប្រឡងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នាពេលខាងមុខនេះ ឱ្យស្គាល់ច្បាស់ពីឧបនិស្ស័យរបស់ខ្លួនក្នុងការជ្រើសរើសមុខជំនាញរបស់ខ្លួន, រៀនឱ្យចំទិសដៅ, រៀនឱ្យចំជំនាញ, រៀនឱ្យប្រាកដប្រជា, រៀនឱ្យចេះលាស់ ដើម្បីក្លាយជាសរសរទ្រូងប្រទេសជាតិ និងចូលរួមកសាងប្រទេសជាតិឱ្យរីកចម្រើនទៅមុខ ពិសេសរួមកម្លាំងថែរក្សាសន្តិភាពដែលកំពុងមានស្រាប់នេះ។

លោកប្រធានបានបន្តថា ទន្ទឹមគ្នានេះដែរ សាកលវិទ្យាល័យវេស្ទើន ក៏បានផ្តល់ជូនអាហារូបករណ៍ពិសេសសម្រាប់សិស្សថ្នាក់ទី១២ទាំងអស់ទូទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តចំនួន២០% ផងដែរ ដោយមិនកំណត់ចំនួនកន្លែង ឬមុខជំនាញ ដែលផ្តល់ភាពងាយស្រួល និងជាការលើកទឹកចិត្តដល់សិស្សដែលរៀនពូកែ និងតែងតែខិតខំប្រឹងប្រែងរៀនសូត្រដើម្បីគ្រួសារ សង្គម និងខ្លួនឯង។

សូមជម្រាបថា សាកលវិទ្យាល័យវេស្ទើន ជាគ្រឹះស្ថានអប់រំលំដាប់ជួរមុខមួយដែលកំពុងមានលេចធ្លោ និងល្បីល្បាញនៅកម្ពុជា ហើយសិស្សានុសិស្សដែលកំពុងរៀនសូត្រនៅគ្រឹះស្ថានអប់រំនៃសាលាវេស្ទើន ក៏ដូចជាសាកលវិទ្យាល័យវេស្ទើន សុទ្ធតែទទួលបាននូវចំណេះជំនាញពិតប្រាកដ ក្លាយជាបញ្ញវន្តសម្រាប់កម្ពុជា និងមានអនាគតភ្លឺស្វាង និងមានសិលធម៌ល្អ ជាប្រជាពលរដ្ឋល្អក្នុងសង្គមជាតិ៕