(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានបញ្ជូនមេក្លោង និងបក្ខពួកសរុប១០នាក់ ជនជាតិចិន រួមទាំងវត្ថុតាងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនខាងតំណាងអយ្យការ បើកការស៊ើបសួរតាមផ្លូវច្បាប់ ពាក់ព័ន្ធការលួចថតរឿងវីដេអូអាសអាភាស ក្នុងបន្ទប់ខុនដូមួយកន្លែងនៅខណ្ឌបឹងកេងកង។ ដោយមនុស្សចំនួន៣៥នាក់ទៀត ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅវិញ។

សូមបញ្ជាក់ថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានចុះមកបង្រ្កាបករណីផលិតវីដេអូអាសអាភាស នៅចំណុចអគារខុនដូរមួយកន្លែងឈ្មោះ Wow Now (ជាន់ទី៨, ទី៩, ទី១០) ផ្លូវ៣១០ ភូមិ២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។ ប្រតិបត្តិការនេះ កម្លាំងនគរបាលបានឃាត់មនុស្សចំនួន៤៥នាក់ (ជនជាតិចិន និងខ្មែរ)។

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចឡោមព័ទ្ធខុនដូរមួយកន្លែង កម្ពស់១៥ជាន់ ស្ថិតនៅចំណុចអគារលេខ៤៨ ផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅវេលាម៉ោង៨យប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដោយឃាត់ជនជាតិចិនមួយក្រុម ដើម្បីធ្វើការសាកសួរ បន្ទាប់ពីបែកធ្លាយវីដេអូអាសអាភាស តាមបណ្ដាញទំនាក់ទំនងសង្គមថ្មីៗនេះ ក្រោយពីមាននារីរងគ្រោះ២នាក់ ដាក់ពាក្យបណ្ដឹងពីការបែកធ្លាយវីដេអូអាសអាភាស តាមបណ្ដាញសង្គមតេឡេក្រាម។

ឧបករណ៍អេឡិចត្រូនិចមួយចំនួន ក្នុងនោះរួមមាន៖

*សម្ភារអេឡិចត្រូនិច និងកុំព្យូទ័រលើតុសម្រាប់កាត់តវីដេអូមួយចំនួន
*ឧបករណ៍ស៊ិច ១ចំនួន (លឹង្គជ័រ ខ្នោះជ័រ សម្ភារបម្រើថតស៊ិច
*ស្រោមអនាម័យមួយចំនួន។

គួរបញ្ជាក់ថា ការចុះឃាត់ខ្លួនជនបរទេសខាងលើនេះ ដោយយោងតាមពាក្យបណ្តឹងស្រ្តីរងគ្រោះពីរនាក់ ដែលបានស្ម័គ្រចិត្តថតរឿងអាសអាភាសជាមួយជនបរទេស នៅលើអគារខុនដូកើតហេតុខាងលើ ក្រោយមកក៏ឃើញមានការបែកធ្លាយវីដេអូរឿងអាសអាភាសរបស់ខ្លួន ដែលថតជាមួយជនបរទេស នៅលើបណ្តោញសង្គមតេឡេក្រាម ហើយមានការចែកចាយជាច្រើន ទើបនារីរងគ្រោះទាំង២នាក់នោះ បាននាំគ្នាទៅដាក់ពាក្យបណ្តឹង នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

ក្រោយទួលបានពាក្យបណ្តឹងពីនារីរងគ្រោះទាំង២រួច កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បានចុះឆែកឆេរអគារខុនដូខាងលើ ព្រមទាំងឃាត់ខ្លួនជនបរទេសជាច្រើននាក់ រួមមាន សម្ភារផលិតរឿងមួយចំនួនទៀត៕