(ភ្នំពេញ)៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានថ្លែងបញ្ជាក់ថា ទិវាសុខភាពផ្លូវចិត្តពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយដល់យុវជន អ្នកស្ម័គ្រចិត្ត ជាធនធានមួយ ជាកម្លាំងចលករ ដ៏មានតម្លៃក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិឱ្យពួកគាត់ត្រូវតែមានភាពរឹងមាំទាំង ផ្លូវកាយ និងផ្លូវចិត្ត ហើយទិវានេះក៏ជាចំណែកមួយក្នុងការចូលរួមលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវចិត្ត និងលុបបំបាត់នូវផ្នត់គំនិត អវិជ្ជមានមួយចំនួនដែលទាក់ទងនឹងជំងឺផ្លូវចិត្ត។

លោកស្រី ពុំ ចន្ទីនី បានលើកឡើងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកម្មវិធីទិវាសុខភាពផ្លូវចិត្តពិភពលោក លើកទី៨ ដែលបានធ្វើឡើងក្រោមប្រធានបទ៖ រួមគ្នាថែទាំសុខភាពផ្លូវចិត្ត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) និងដោយមានការចូលរួមពីវាគ្មិនព្រះភិក្ខុវជិរប្បញ្ញោបណ្ឌិត គូ សុភាព , លោកសាស្ត្រាចារ្យ កៀន តាក់ សាកលវិទ្យាធិការរងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, លោក ផាន់ ចាន់ពៅ ប្រធានដេប៉ាតឺម៉ង់ចិត្តវិទ្យានៃសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ រួមទាំងអ្នកពាក់ព័ន្ថជាច្រើនទៀត។

លោកស្រី ពុំ ចន្ទីនី បានបញ្ជាក់ដែរថា តាមរយៈរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ បានបង្ហាញថា ក្នុងចំនោមមនុស្ស ១០០នាក់ ដែលបានស្លាប់នៅលើពិភពលោក មានមនុស្សម្នាក់ស្លាប់ដោយសារតែការធ្វើអត្តឃាត។ នៅលើពិភពលោករៀងរាល់ ៤០ វិនាទី មានមនុស្ស ម្នាក់ស្លាប់ដោយសារការធ្វើអត្តឃាត មានន័យថាមាន មនុស្ស ជិត ៨០ម៉ឺននាក់ ស្លាប់ដោយការធ្វើអត្តឃាតជារៀងរាល់ឆ្នាំ។ លើសពីនេះទៀត ការធ្វើអត្តឃាតជាមូលហេតុចំបងទី៤ នៃការស្លាប់របស់យុវជនអាយុចន្លោះពី ១៥-២៩ឆ្នាំ។

លោកស្រី ពុំ ចន្ទីនី បានបញ្ជាក់ដែរថា កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឃើញពីបញ្ហាទុក្ខលំបាករបស់ប្រជាពលរដ្ឋ សារៈសំខាន់នៃសុខភាពផ្លូវចិត្ត និងការគាំទ្រចិត្តសាស្ត្រសង្គម ទើបបានផ្ដល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ ណែនាំដល់អគ្គលេខាធិការដ្ឋាន សាខា អនុសាខា កាកបាទក្រហម រាជធានី ខេត្តទាំង ២៥ ឱ្យខិតខំប្រឹងប្រែងពង្រឹងពង្រីកចំណេះដឹង សមត្ថភាព ជំនាញ មន្ត្រីអ្នកស្ម័គ្រចិត្តតាមភូមិ យុវជន កាកបាទក្រហម តាមគ្រឹះស្ថានសិក្សា ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់សកម្មភាពអប់រំផ្សព្វផ្សាយអំពីសារៈសំខាន់នៃសុខភាពផ្លូវចិត្ត និងការគាំទ្រចិត្តសាស្ត្រសង្គម ជូនសាធារណៈជនទូទៅ គ្រប់លំដាប់ថ្នាក់ក្នុងសហគមន៍ផងដែរ។

សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ចេញផ្សាយថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានបង្ហាញផងដែរថា នៅលើពិភពលោក ត្រូវបានគេប៉ាន់ប្រមាណថា ម្នាក់ក្នុងចំណោម ៧នាក់ (១៤%) នៃយុវវ័យអាយុ ១០-១៩ឆ្នាំ មានបទពិសោធន៍ជួបប្រទះនឹងបញ្ហាសុខភាពផ្លូវចិត្ត ដែលជំងឺធ្លាក់ទឹកចិត្ត ការថប់បារម្ភ និងវិបត្តិអាកប្បកិរិយា គឺជាមូលហេតុចម្បងនៃជំងឺ និងពិការភាពក្នុងចំណោមយុវវ័យ៕