(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី​ ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ បានផ្ញេីលិខិតរំលែកទុក្ខ​ និងចូលរួមសម្តែងនូវសេចក្តីសោកស្តាយក្រៀមក្រំជាទីបំផុតជូន​ លោក Zhao Leji​ ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេស​ នៃសាធារណរដ្ឋប្រជាមានិតចិន​ ចំពោះមរណភាពលោក លី ខឺឈាង អតីតនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងសារលិខិតនេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សសុដារី បានបញ្ជាក់ថា៖ «តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមសម្ដែងនូវ សេចក្តីសោកស្ដាយនិងក្រៀមក្រំជាទីបំផុតចំពោះមរណភាព ឯកឧត្តម លី ខឺឈាង អតីតនាយករដ្ឋ មន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។ ប្រទេសចិនទាំងមូល និងសហគមន៍អន្តរជាតិពិតជាមានអារម្មណ៍សោកស្តាយ និងក្រៀមក្រំបំផុតចំពោះការបាត់បង់រូបឯកឧត្តមអតីតនាយករដ្ឋមន្ត្រី ដែលត្រូវបានទទួលស្គាល់ថាជារដ្ឋបុរសដែលមានប្រាជ្ញា និងការលះបង់ដ៏អស្ចារ្យ។

វិភាគទានដ៏ថ្លៃថ្លា និងកិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់ឯកឧត្តមអតីតនាយករដ្ឋមន្ត្រី លី ខឺឈាង ចំពោះប្រទេសជាតិក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងការជំរុញទំនាក់ទំនងអន្តរជាតិត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ។ ការដឹកនាំប្រកបដោយចក្ខុវិស័យ ការប្ដេជ្ញាចិត្តឥតងាករ និងការយកចិត្តទុកដាក់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិយើងទាំងពីរ បានបន្សល់ទុកនូវអត្តសញ្ញាណដែលមិនអាចបំភ្លេចបានចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរកម្ពុជា-ចិន។

ក្នុងកំឡុងពេលឯកឧត្តមកាន់តំណែងជានាយករដ្ឋមន្ត្រី យើងបានឃើញពីការរីកចម្រើនដ៏គួរឱ្យកត់សម្គាល់ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំងពីរ ក្នុងនោះការពង្រឹងទំនាក់ទំនងផ្នែកនយោបាយ និងសេដ្ឋកិច្ច ព្រមទាំងការជំរុញការផ្លាស់ប្ដូរវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ បន្ថែមពីនេះ កិច្ចខិតខំប្រឹងប្រែងរបស់នាយករដ្ឋមន្ត្រី លី ក្នុងការថែរក្សាតំបន់អាស៊ី-ប៉ាស៊ីហ្វិក ប្រកបដោយភាពសុខដុមរម្យនា និងវិបុលភាព គឺជាឧបករណ៍សំខាន់ក្នុងការជំរុញសន្តិភាព និងការអភិវឌ្ឍអន្តរជាតិ។

ប្រជាជនកម្ពុជានឹងចងចាំជានិច្ចនូវកិច្ចខិតខំប្រឹងប្រែងរបស់នាយករដ្ឋមន្ត្រី លី ខឺឈាង។ យើងទាំងអស់គ្នាសូមបួងសួង និងធ្វើអធិស្ឋានជាមួយប្រជាជនចិន និងក្រុមគ្រួសាររបស់នាយករដ្ឋមន្ត្រី លី ក្នុងកំឡុងពេលដ៏សោកសង្រែងនេះ។ សូមបួងសួងឱ្យ ឯកឧត្តមប្រធានមានកម្លាំងពលំមាំមួន និងមានអារម្មណ៍ធូរស្បើយ អំពីការចងចាំនូវអនុស្សាវរីយ៍នៃជីវិតគួរឱ្យស្ញប់ស្ញែងរបស់ឯកឧត្តម លី។

ខ្ញុំមានជំនឿយ៉ាងមុតមាំថា កេរ្តិ៍តំណែលរបស់អតីតនាយករដ្ឋមន្ត្រី លី ខឺឈាង នឹងស្ថិតនៅក្នុងដួងចិត្តរបស់ប្រជាជនចិនជាបងប្អូនជានិរន្តរ៍ និងសូមបួងសួងឱ្យដួងវិញ្ញណក្ខន្ធរបស់ឯកឧត្តម បានទៅសោយសុខក្នុងថានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តមប្រធាន ទទួលនូវការរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំបំផុតអំពីយើងខ្ញុំទាំងអស់គ្ន ហើយសូមជម្រាបថាទឹកចិត្ត និងក្តីស្រលាញ់របស់ប្រជាជនកម្ពុជា តែងតែនៅជាមួយ ឯកឧត្តម និងប្រជាជនចិន ក្នុងកំឡុងពេលកាន់ទុក្ខយ៉ាងសោកសៅចំពោះការបាត់បង់មេដឹកនាំ និងរដ្ឋបុរសដ៏អស្ចារ្យនេះ»៕