(ភ្នំពេញ)៖ ក្រសួងរិស្ថាន បានរកឃើញឃុំ-សង្កាត់ចំនួន៥០ ត្រូវបានជ្រើសរើសជាប់ជយលាភីក្នុងការប្រឡងប្រណាំង «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថាន សម្រាប់ឆ្នាំ២០២៣នេះ។

លោក កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន បានឱ្យដឹងថា ការប្រឡងប្រណាំងជយលាភី «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថាន សម្រាប់ឆ្នាំ២០២៣នេះ មានការដាក់ពាក្យចូលរួមពី ឃុំ-សង្កាត់រហូតដល់២២៥ឃុំ-សង្កាត់ ក្នុងចំណោម២៥រាជធានី-ខេត្ត។ ប៉ុន្តែ ឆ្លងតាមរយៈចុះវាយតម្លៃជាក់ស្តែង និងពិគ្រោះយោបល់ចុងក្រោយ គឺមានតែឃុំ-សង្កាត់ចំនួន ៥០ប៉ុណ្ណោះ ដែល ត្រូវបានជ្រើសរើសឱ្យជាប់ជ័យលាភី បន្ទាប់ពីឃុំ-សង្កាត់ទាំងនោះ បានរៀបចំអនុវត្តសកម្មភាពឆ្លើយតបនឹងលក្ខណៈសម្បត្តិទី៦ ដែលបានកំណត់ក្នុងគោលនយោបាយឃុំ-សង្កាត់ មានសុវត្ថិភាព គឺភាពមានអនាម័យ សោភ័ណភាព និងបរិស្ថានស្អាត។

ថ្លែងក្នុងកម្មវិធីលើកទឹកចិត្តប្រតិបត្តិករមេត្រីបរិស្ថាន និងការប្រគល់រង្វាន់ជ័យលាភីចលនាប្រឡងប្រណាំង «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណៈសម្បត្តិទី៦ ឆ្នាំ២០២៣ ដែលរៀបចំឡើងនៅទីស្តីការក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃទី២៦ ខែតុលា លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកទឹកចិត្តឱ្យពង្រីកចលនាមេត្រីបរិស្ថាននេះ ដើម្បីឱ្យបរិស្ថាននៅទូទាំងប្រទេសកម្ពុជាស្អាតប្រកបដោយចីរភាព ដែលធានាដល់ការរស់នៅ និងការទាក់ទាញដល់ភ្ញៀវទេសចរ ក៏ដូចជាការវិនិយោគនានា។

លោករដ្ឋមន្ត្រី បានបង្ហាញការជឿជាក់ថា ការប្រតិបត្តិមេត្រីបរិស្ថាននៅតាមសហគមន៍ នឹងធ្វើឱ្យសហគមន៍មានអនាម័យ និងសោភ័ណភាពល្អ និងមានបរិស្ថានល្អ ស្របតាមគោលនយោបាយជាតិភូមិឃុំសង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានរៀបចំចលនាប្រឡងប្រណាំង «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថាន ក្នុងគោលបំណងជំរុញដល់អាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំភូមិ ឃុំ-សង្កាត់ឱ្យមានអនាម័យ សោភ័ណភាព និងបរិស្ថានស្អាត។ មួយវិញទៀត ក៏ជាផ្នែកមួយនៃការផ្សព្វផ្សាយចលនាភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពលើវិស័យបរិស្ថាន ឱ្យកាន់តែទូលំទូលាយ ព្រមទាំងចែករំលែកបទពិសោធន៍នៃការរៀបចំមូលដ្ឋានដល់សាធារណជន និងអាជ្ញាធរមូលដ្ឋានផ្សេងៗ និងបញ្ជ្រាបការយល់ដឹងពីការប្រតិបត្តិមេត្រីបរិស្ថានដល់សាធារណជន ដល់យុវជន ប្រជាសហគមន៍ ឱ្យចូលរួមស្រឡាញ់ធម្មជាតិ អភិរក្សជីវៈចម្រុះ និងចូលរួមកិច្ចគាំពារបរិស្ថានឱ្យបានល្អប្រសើរ និងការរស់នៅដោយចីរភាព។

ក្រសួងបរិស្ថាន បានចាត់ទុកមេត្រីបរិស្ថានតាមសាលារៀន ទីវត្តអារាម ឃុំ-សង្កាត់ ក្នុងការចូលរួមធ្វើឱ្យការគ្រប់គ្រងអនាម័យបរិស្ថាន និងអភិរក្សធនធានធម្មជាតិនៅតាមសហគមន៍កាន់តែមានប្រសិទ្ធភាព តាមរយៈការបញ្ជ្រាបចំណេះដឹង ការផ្លាស់ប្ដូរផ្នត់គំនិត ការលើកកម្ពស់ស្មារតីស្រឡាញ់បរិស្ថាន និងការជំរុញប្រតិបត្តិមេត្រីភាពបរិស្ថានក្នុងសហគមន៍៕