(ភ្នំពេញ)៖ វគ្គហ្វឹកហ្វឺនការពារជនស៊ីវិល អង្គការសហប្រជាជាតិ (អ.ស.ប) និងវេទិកាយេនឌ័រសន្តិភាព និងសន្តិភាព ដែលជាការឧបត្ថម្ភគាំទ្រជាលើកទី២ របស់រដ្ឋាភិបាលអូស្រ្តាលី ត្រូវបានបិទបញ្ចប់ដោយជោគជ័យ។ វគ្គហ្វឹកហ្វឺននេះធ្វើឡើងក្នុងគោលបំណងផ្តល់ចំណេះ ជំនាញ និងច្បាប់អំពីការការពារជនស៊ីវិល ស្រ្តី និងកុមារ ដែលជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង៧ នៃសកម្មភាពដើម្បីសន្តិភាពបូកបន្ថែម ពីលើភារកិច្ចស្នូលរបស់កម្លាំងរក្សាសន្តិភាព។

ពិធីបិទវគ្គហ្វឹកហ្វឺនេះ បានធ្វើឡើងក្រោមវត្តមាននាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងលោក Justin Whyatt ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា រួមទាំងលោកស្រីឧត្តមសេនីយ៍ទោ Ruth EISLEY មេបញ្ជាការមហាវិទ្យាល័យអូស្រ្តាលី សម្រាប់ការសិក្សាស្រាវជ្រាវអំពីសង្រ្គាមនៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ។

វគ្គសិក្សានេះមានរយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ មានសិក្ខាកាមចូលរួមសរុប ៥៧នាក់ នារី៣៧នាក់ ដោយបានទទួលការបណ្តុះបណ្តាលយ៉ាងយកចិត្តទុកដាក់ពីយោធាអូស្រ្តាលី។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានមានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះរដ្ឋាភិបាលអូស្រ្តាលី ដែលតែងផ្តល់ហ្វឹកហ្វឺន បំប៉នសមត្ថភាពកម្លាំងមួកខៀវកម្ពុជា ជាបន្តបន្ទាប់មកនេះ ជាពិសេសយោធាចារ្យអូស្រ្តាលី ដែលបានចែករំលែកបទពិសោធន៍ ខ្លឹមសារមេរៀនដ៏មានសារៈសំខាន់ដើម្បីពង្រីកការយល់ដឹងបន្ថែម។

នាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា វេទិកាយេនឌ័រសន្តិភាព និងសន្តិភាព គឺជាប្រធានបទដ៏មានសារៈសំខាន់សំដៅលើកកម្ពស់ «របៀបវារៈស្តីពីស្រ្តីសន្តិភាព និងសន្តិសុខ» ព្រោះថាសមត្ថភាពស្រ្តីក្នុងឯកសណ្ឋានបាននឹងកំពុងចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងស្ថិរភាពក្នុងតំបន់បេសកកម្ម។ វគ្គសិក្សានាពេលនេះជាមោទនភាពមួយបន្ថែមទៀតសម្រាប់មាតុភូមិយើង និងជាប្រទីបបំភ្លឺផ្លូវដល់សិក្ខាកាមកម្ពុជា ដោយនាំមកនូវចំណេះដឹងចំណេះធ្វើកាន់តែល្អប្រសើរ។

លោក Justin Whyatt បានថ្លែងថា លោកពិតជាមានកិត្តិយសជាខ្លាំងដែលមានវត្តមានក្នុងពិធីបិទវគ្គហ្វឹកហ្វឺននេះ និងបានថ្លែងអំណរគុណដល់នាយឧត្តមសេនីយ៍ អគ្គនាយកជាខ្លាំងដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ។

លោកបានបន្តថា កម្ពុជា-អូស្រ្តាលី មានទំនាក់ទំនងរឹងមាំជាយូរមកហើយ ហើយយើងចង់ក្លាយជាដៃគូរពិតប្រាកដ ស្មោះត្រង់ដើម្បីឱ្យកិច្ចសហប្រតិបត្តិការកាន់តែរីកចំរើន។ អូស្រ្តាលី សប្បាយរីករាយក្នុងការដែលកម្ពុជា បានបង្កើនតួនាទីកងកម្លាំងក្នុងប្រតិបត្តិការរក្សាសន្តិភាព អ.ស.ប។

លោកស្រីឧត្តមសេនីយ៍ទោ Ruth EISLEY បានបង្ហាញអារម្មណ៍មោទនភាពជាខ្លាំង ដែលឃើញកងកម្លាំងមួកខៀវនារីច្រើនក្នុងប្រតិបត្តិការរក្សាសន្តិភាព ដ្បិតការចូលរក្សាសន្តិភាពដំបូង គឺមានតែលោកស្រីម្នាក់គត់ជានារី ក្នុងតំបន់បេសកកម្ម។ លោកស្រីសង្ឃឹមថា យោធិននារីទាំងអស់នឹងក្លាយជាចំណែកដ៏សំខាន់មួយក្នុងប្រតិបត្តិការរក្សាសន្តិភាព។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានប្តេជ្ញាខ្ពស់ បន្តសកម្មភាពជាអាទិភាពក្នុងប្រតិបត្តិការរក្សាសន្តិភាព និងពង្រឹងសន្តិភាព ស្ថិរភាពក្នុងប្រទេសក៏ដូចជាបន្តសកម្មភាពមនុស្សធម៌ តាមរយៈការចូលរួមបេសកកម្ម អ.ស.ប ដែលនិន្នាការនេះក៏ស្របគ្នានឹងការលើកឡើងរបស់លោក អានតូនីញូហ្គូតេរ៉េស (Antonio Guterres) អគ្គលេខាធិការ អ.ស.ប ដោយបានសង្កត់ធ្ងន់លើកិច្ចប្រតិបត្តិការរក្សាសន្តិភាព និងសន្តិសុខក្នុងលោក។

គួរបញ្ជាក់ផងដែរថា រយៈពេល១៧ឆ្នាំមកនេះ កម្ពុជាបានបញ្ជូនកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ សរុបចំនួន ៩២០៥នាក់ ក្នុងនោះនារីចំនួន៧២៦នាក់ ទៅកាន់បេសកកម្មចំនួន១២ ក្នុងប្រទេសចំនួន១០មានជាអាទិ៖ សាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, អាហ្វ្រិកកណ្តាល, លីបង់, សាយប្រឺស, ស៊ីរី, ម៉ាលី, យេមេន និងកុងហ្គោ លើជំនាញសំខាន់ៗ ដូចជាបោសសំអាតមីន, កម្ទេចគ្រឿងផ្ទុះ, ប្រឆាំង-បន្សាបគ្រឿងផ្ទុះកែច្នៃ, កងរាជអាវុធហត្ថ, វិស្វកម្មពហុជំនាញ, នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា៕