(បាត់ដំបង)៖ ឧក្រិដ្ឋជនគ្រឿងញៀន២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបបានរួមជាមួយវត្ថុតាងគ្រឿងញៀនប្រភេទម៉ាទឹកកកសរុបចំនួន ២៥កញ្ចប់ ទម្ងន់១០គីឡូក្រាម និង៣៣៤.៦០ក្រាម រថយន្ត១គ្រឿង ម៉ាកហុងដា CRV ពាក់ស្លាលេខ ភ្នំពេញ 2AA-9869 ទូរស័ព្ទដៃ២គ្រឿង កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ និងបានបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។
លោកឧត្តមសេនីយ ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានបញ្ជាក់ថា បន្ទាប់ពីកម្លាំងជំនាញបានស្រាវជ្រាវមុខសញ្ញាជួញដូរគ្រឿងញៀន អស់រយៈពេលជាយូរមកនោះ និងយោងតាមបទបញ្ជាផ្ទាល់របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តបាត់ដំបង កម្លាំងជំនាញបានបង្ក្រាបភ្លាមៗ។
លោកបានបន្តថា ប្រតិបត្តិការនេះ លោកបានបញ្ជាឲ្យលោកវរសេនីយ៍ឯក រ៉ុង ប៉ុក មេញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលបន្ទុកស្រាវជ្រាវប្រឆាំងបទល្មើស លោកវរសេនីយ៍ទោ ជា តារា នាយសេនាធិការរង និងលោកវរសេនីយ៍ទោ សូ ឌី ប្រធានមន្ទីរស្រាវជ្រាវ បង្រ្កាបបទល្មើស ដឹកនាំកម្លាំងជំនាញសហការកម្លាំងសរុបបានឈានទៅការឃាត់ខ្លួន ជនសង្ស័យបាន២នាក់ ខណ:កំពុងធ្វើការជួញដូរក្នុងបទល្មើសជាក់ស្តែងនៅតាមដងផ្លូវ បានចុះបង្រ្កាបករណី ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនចំណុចស្ពានត្រស់ ស្ថិតនៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក រ៉ុង ប៉ុក បានឲ្យដឹងថា ជនសង្ស័យចំនួន២នាក់ ដែលសមត្ថកិច្ចបានឃាត់ខ្លួននោះមាន៖ ឈ្មោះ ប៊ូ សុផាត ហៅ ហ៊ុល អាយុ៦៣ឆ្នាំ ទីលំនៅភូមិ អូរតាគាំ១សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្បាត់ដំបង និងឈ្មោះ លី ធារិទ្ឋ អាយុ៤២ឆ្នាំ ទីលំនៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក រ៉ុង ប៉ុក បានបន្តថា បន្ទាប់បានបទបញ្ជាពីឧត្តមសេនីយ៍មេបញ្ជារួចមក លោកបានដឹកនាំកម្លាំងជំនាញចុះប្រតិបត្តិការតាមចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ ព្រមទាំងរឹបអូសបានវត្ថុតាងគ្រឿងញៀន ប្រភេទម៉ាទឹកកកសរុបចំនួន ២៥កញ្ចប់ ទម្ងន់១០គីឡូក្រាម និង៣៣៤.៦០ក្រាម រថយន្ត១គ្រឿងម៉ាកហុងដា CRV ពាក់ស្លាលេខ ភ្នំពេញ 2AA-9869 ទូរស័ព្ទដៃ២គ្រឿង កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។
បន្ទាប់ពីបានចម្លើយសារភាពពីជនសង្ស័យហើយ លោកឧត្តមសេនីយ ហែម វុទ្ធី និងលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង, លោក ធូ ភាអភិបាលរងខេត្តតំណាងលោក សុខ លូ អភិបាលខេត្តបាត់ដំបង មេបញ្ជាការរងពាក់ព័ន្ធ កម្លាំងជំនាញបានរួមគ្នាធ្វើកោសល្យវិច្ច័យ ពិសោធន៍លើថ្នាំញៀនទាំងនោះចំពោះមុខជនសង្ស័យសង្កេតឃើញថា ម្សៅពណ៌សទាំងនេះពិតជាមានសារធាតុញៀនពិតប្រាកដមែន។
បច្ចុប្បន្ន យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ និងវត្ថុតាងទាំងអស់ ការិយាល័យប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿងដើម្បីកបញ្ចូនទៅតុលាការ តាមនីតិវិធីនៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ ដើម្បីចាត់ការតាមនីតិវីធី៕