(ភ្នំពេញ)៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និងធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពី កិច្ចសហការជាដៃគូចែកចាយ ផលិតផលធានារ៉ាប់រងអាយុជីវិត ដើម្បីផ្ដល់នូវដំណោះស្រាយ ធានារ៉ាប់រងអាយុជីវិត ដល់អតិថិជនរបស់ធនាគារ FTB នៅទូទាំងប្រទេសកម្ពុជា។
ចាប់តាំងពីការផ្ដើមប្រតិបត្តិការ របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ នៅក្នុងប្រទេសកម្ពុជាកាលពីខែមិថុនា ឆ្នាំ ២០១២មក កិច្ចព្រមព្រៀងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ជាការចាប់ជាដៃគូជាមួយ ធនាគារទីបួនហើយ ដើម្បីលក់ផលិតផល ធានារ៉ាប់រងអាយុជីវិតតាមធនាគារ។
លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានថ្លែងថា «ពួកយើងរីករាយក្នុងការចាប់ជាដៃគូជាមួយធនាគារ FTB ដែលជាធនាគារដំបូងគេ បំផុតនៅកម្ពុជា ដែលបាននិងកំពុងធ្វើប្រតិបត្តិការជាង ៣៦ឆ្នាំមកហើយ ដើម្បីជួយក្រុមគ្រួសារទាំងឡាយនៅកម្ពុជានេះ ឱ្យសម្រេចបាននូវក្ដីសុបិន និងបំណងប្រាថ្នា ផ្នែកហិរញ្ញវត្ថុរបស់ពួកគេ។ កិច្ចព្រមព្រៀងលើការលក់ផលិតផលធានារ៉ាប់រងអាយុជីវិតតាមធនាគារនេះ នឹងជួយឱ្យក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា ពង្រីកវិសាលភាពរបស់ខ្លួន ទៅដល់អតិថិជនជាច្រើននាក់ផ្សេងទៀត ព្រមទាំងផ្ដល់នូវការប្រឹក្សាយោបល់ និងដំណោះស្រាយហិរញ្ញវត្ថុ ទាក់ទងនឹងការការពារ ប្រភពចំណូលផ្សេងៗរបស់ពួកគេ អនាគតនៃការសិក្សារបស់បុត្រធីតា ការសន្សំនៅក្នុងក្រុមគ្រួសារ ព្រមទាំងការសន្សំសម្រាប់ការចូលនិវត្តន៍ផងដែរ»។
លោក ហ្គី អានវ៉ានិថ អគ្គនាយកនៃធនាគារ FTB បានលើកឡើងផងដែរថា «កិច្ចសហការជាដៃគូជាមួយក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា នឹងកំណត់ប្រវត្តិសាស្ត្រថ្មីមួយរបស់ធនាគារ FTB ហើយកិច្ចសហការនេះ នឹងផ្ដល់ភាពងាយស្រួលដល់ក្រុមគ្រួសាររបស់អតិថិជន និងបុគ្គលិករបស់យើងក្នុងការទទួលបាននូវផលិតផលដ៏មានអត្ថប្រយោជន៍ខ្ពស់ពីក្រុមហ៊ុន មេនូឡាយហ្វ៍ ហើយ
ធនាគារ FTB តែងតែខិតខំប្រឹងប្រែង ដើម្បីនាំយកសេវាកម្មថ្មីៗមកជូនអតិថិជន។ ឆ្លងតាមប្រវត្តិសាស្ត្ររបស់ខ្លួន ធនាគារ FTB បានទទួលពានរង្វាន់ធំៗជាច្រើននៅក្នុងវិស័យហិរញ្ញវត្ថុរួមមាន Outstanding e-Banking Partnership Bank 2016 និង Outstanding e-Commerce Platform 2016 ពី International Data Group (IDG) Best Innovation in Retail Banking 2015 និង Best Commercial Bank Cambodia 2015 ពី International Banker និង Leader in Preparid Payment Volume 2015 ពី Visa។
លោកបន្ដថា ការលក់ផលិតផលធានារ៉ាប់រងអាយុជីវិតតាមធនាគារ ជាចំណុចគន្លឹះដ៏សំខាន់មួយនៃយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ដើម្បីពង្រឹង និងបង្កើតឱ្យមានជម្រើសផ្សេងៗគ្នា ក្នុងការចែកចាយផលិតផលរបស់ខ្លួន និងជម្រុញបន្ថែមពីលើការបែងចែក ផលិតផលធានារ៉ាប់រងអាយុជីវិត តាមរយៈទីប្រឹក្សាធានារ៉ាប់រងរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍។ តាមរយៈភាពជាដៃគូនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ នឹងធ្វើការពង្រឹងផ្សព្វផ្សាយ បន្ថែមនូវស្លាកយីហោរបស់ខ្លួន ការឈរជើងលើទីផ្សារដ៏រឹងមាំ និងពង្រីកបន្ថែមនូវមូលដ្ឋាន អតិថិជននៅក្នុងប្រទេសកម្ពុជា។
គួរបញ្ជាក់ថា ចាប់ពីពេលនេះតទៅ អតិថិជនរបស់ធនាគារ FTB នឹងអាចពិភាក្សាពីផែនការហិរញ្ញវត្ថុរបស់ពួកគេ និងជាវផលិតផលធានារ៉ាប់រងអាយុជីវិតពីក្រុមហ៊ុន មេនូឡាយហ្វ៍ តាមរយៈមន្ត្រីជំនាញប្រឹក្សាធានា រ៉ាប់រងដែលប្រចាំការ នៅសាខាចំនួន១០ របស់ធនាគារ FTB។ សាខាទាំងនោះរួមមាន ៦ សាខានៅទីក្រុងភ្នំពេញ និង៤ សាខាផ្សេងទៀតនៅតាមបណ្ដាខេត្ត ដូចជាខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តព្រះសីហនុ និងខេត្តកំពង់ចាម៕