(កណ្ដាល)៖ សាកលវិទ្យាល័យល្បីៗចំនួន៣០ដែលមកពីបណ្តាប្រទេសជុំវិញពិភពលោក រួមមាន សហរដ្ឋអាមេរិក អូស្ត្រាលី ស្វ៉ីស សិង្ហបុរី និងថៃ បានមកចូលរួមតាំងពិព័រណ៍អប់រំនៅសាលាអន្តរជាតិវេស្ទលែនដ៍ ក្រុងតាខ្មៅ។

ការតាំងពិព័រណ៍នេះធ្វើឡើងនាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ក្នុងគោលបំណងផ្ដល់ព័ត៌មានសំខាន់ៗពីការអប់រំថ្នាក់ឧត្តមសិក្សាជូនដល់សិស្សសាលាអន្តរជាតិវេស្ទលែនដ៍ និងផ្តល់ឱកាសឱ្យសិស្សវិទ្យាល័យត្រៀមខ្លួនទៅបន្តសិក្សានៅសាកលវិទ្យាល័យណាមួយដែលខ្លួនពេញចិត្តនៅបរទេស។

លោក សុខ សីហា តំណាងសាលាអន្តរជាតិវេស្ទលែនដ៍ បានថ្លែងថា សាលាអន្តរជាតិវេស្ទលែនដ៍ និង SpringBoard4Education បានសហការគ្នារៀបចំកម្មវិធីពិព័ណ៍អប់រំនេះឡើង គឺមានគោលបំណងផ្តល់ឱកាសឱ្យសិស្សានុសិស្សដែលកំពុងសិក្សានៅសាលាអន្តរជាតិវេស្ទលែនដ៍ ពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២ សិក្សាស្វែងយល់ពីព័ត៌មានសិក្សាថ្នាក់ឧត្តមសិក្សាអន្តរជាតិ និងរៀបចំខ្លួនក្នុងការបន្តការសិក្សានៅក្រៅប្រទេស ជាពិសេសតំណាងសាកលវិទ្យាល័យដែលបានមកតាំងពិព័រណ៍អប់រំទាំងអស់នោះ បានប្រាប់សិស្សានុសិស្សពីគន្លឹះទទួលបានអាហាររូបករណ៍ទៅបន្តការសិក្សានៅសាកលវិទ្យាល័យល្បីៗជុំវិញពិភពលោក បន្ទាប់ពីបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ។

លោកបានបន្តថា សិស្សសាលាអន្តរជាតិវេស្ទលែនដ៍ជាង៤០០នាក់ បានមកចូលរួមពិព័រណ៍អប់រំដើម្បីធ្វើការសិក្សាស្វែងយល់ និងសាកសួរព័ត៌មានផ្សេងៗពីតំណាងសាកលវិទ្យាល័យអន្តរជាតិទាំង៣០ និងលក្ខខណ្ឌទទួលបានអាហាររូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យអន្តរជាតិដែលពួកគាត់ពេញចិត្ត។

លោកបន្តទៀតថា នាពេលកន្លងៗមក សិស្សសាលាអន្តរជាតិវេស្ទលែនដ៍បានទទួលអាហាររូបករណ៍បន្តការសិក្សានៅសាកលវិទ្យាល័យល្បីៗនៅប្រទេសអូស្រ្តាលី សហរដ្ឋអាមេរិក ជប៉ុន សិង្ហបុរី និងថៃ ។ល។ ឆ្លៀតក្នុងឱកាសនេះ លោក សុខ សីហា បានថ្លែងអំណរគុណដល់ SpringBoard4Education និងតំណាងសាកលវិទ្យាល័យអន្តរជាតិទាំងអស់ដែលបានមកតាំងពិព័រណ៍អប់រំនៅសាលាអន្តរជាតិវេស្ទលែនដ៍។

លោកសង្ឃឹមថា ដៃគូសហការអប់រំ SpringBoard4Education នឹងសហការរៀបចំកម្មវិធីនេះជារៀងរាល់ឆ្នាំ ដើម្បីជួយដល់កូនខ្មែរឱ្យមានឱកាសបន្តការសិក្សានៅសាកលវិទ្យាល័យល្បីៗនៅក្រៅប្រទេស ក្លាយខ្លួនជាធនធានមនុស្សប្រកបដោយសមត្ថភាពពេញលេញ ក្នុងការចូលរួមចំណែកកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើន ឈានឆ្ពោះទៅប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៥០។

លោក សុខ សីហា បានបញ្ជាក់ដែរថា សាលាអន្តរជាតិវេស្ទលែនដ៍មានកម្មវិធីសិក្សាធំៗចំនួន៣ រួមមាន៖ ១-កម្មវិធីសិក្សាចំណេះទូទៅខ្មែរ, ២-កម្មវិធីសិក្សាចំណេះទូទៅអន្តរជាតិស្តង់ដារអូស្រ្តាលី និង៣-កម្មវិធីសិក្សាភាសាអង់គ្លេសទូទៅ។ កម្មវិធីចំណេះទូទៅខ្មែរថ្នាក់មត្តេយ្យដល់ទី១២មានកម្មវិធីសិក្សាស្របតាម និងទទួលស្គាល់ដោយក្រសួងអប់រំយុវជន និងកីឡា។

គួរជម្រាបថា ក្នុងឆ្នាំ២០២៣នេះ សាលាអន្តរជាតិវេស្ទលែនដ៍បានធ្វើកិច្ចសហប្រតិបត្តិការអប់រំអន្តរជាតិជាមួយប្រទេសអូស្ត្រាលីលើកម្មវិធីសិក្សាចំណេះទូទៅអន្តរជាតិ ចាប់ពីថ្នាក់មត្តេយ្យរហូតដល់ចប់ថ្នាក់ទី១២។ ត្រង់ន័យនេះ សិស្សបញ្ចប់ការសិក្សាថ្នាក់ចំណេះទូទៅអន្តរជាតិនឹងទទួលបានសញ្ញាបត្រថ្នាក់ទី១២ផ្លូវការពីក្រសួងអប់រំអូស្ត្រាលី។ ចំណែកកម្មវិធីសិក្សាភាសាអង់គ្លេសទូទៅ សាលាទទួលសិស្សចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សា មត្តេយ្យសិក្សា ដល់ថ្នាក់សិស្សពេញវ័យ។ សាលាអន្តរជាតិ វេស្ទលែនដ៍មានការគាំទ្រពីសំណាក់មាតាបិតាយ៉ាងច្រើនកុះករ និងមានកំណើនចុះឈ្មោះចូលរៀនពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារការផ្តល់គុណភាពអប់រំពិតប្រាកដ និងតម្លៃសិក្សាសមរម្យដែលអាចជួយសន្សំសំចៃសេដ្ឋកិច្ចគ្រួសារបានមួយចំណែកផងដែរ៕