(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាបានបិទវគ្គបណ្ដុះបណ្ដាលស្ដីពី ការរៀបចំនិងកែលម្អសារមន្ទីរឱ្យក្លាយទៅជាកន្លែងទាក់ទាញគួរឱ្យចង់ទស្សនា ក្នុងនោះមានសិក្ខាកាមចំនួន២២រូបទទួលបានការបណ្ដុះបណ្ដាលនេះ។

វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅឯសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី។

អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ លោក ប៉ែន ចំរុង បានឱ្យដឹងថា សិក្ខាកាមចំនួន២២រូបដែលបានទទួលវគ្គបណ្ដុះបណ្ដាលជំនាញនេះ មួយចំនួនគឺជាមន្ត្រី និងបុគ្គលិករបស់អាជ្ញាធរជាតិអប្សរា ហើយមួយចំនួនទៀតមកពីសារមន្ទីរទួលស្លែង អាជ្ញាធរជាតិសំបូរព្រៃគុក និងអាជ្ញាធរជាតិព្រះវិហារ។

លោកបានបន្តថា សិក្ខាកាមបានទទួលការបណ្ដុះបណ្ដាលលើជំនាញជាច្រើន ដូចជាឱ្យស្គាល់ពីអ្វីជាសារមន្ទីរ? តួនាទីរបស់អ្នករៀបចំតាំងពិព័រណ៍ (Curator) គោលការណ៍នៃការគ្រប់គ្រងវត្ថុសិល្បៈ តើសិល្បៈប្រភេទណាខ្លះដែលគួរលើកយកទៅដាក់តាំងពិព័រណ៍? ការបង្ហាញអំពីការរៀបចំពិព័រណ៍ បរិយាកាសជុំវិញការរៀបចំតាំងពិព័រណ៍និងសុវត្ថិភាពនៃការតាំងពិព័រណ៍ជាដើម។

អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានចាត់ទុកវគ្គបណ្ដុះបណ្ដាលជំនាញរៀបចំនិងកែលម្អសារមន្ទីរឱ្យក្លាយជាកន្លែងទាក់ទាញនិងគួរឱ្យចង់ទស្សនានេះថា គឺជាកិច្ចការមួយដែលប្រព្រឹត្តឡើងក្នុងក្របខណ្ឌជាតិ ក្នុងគោលបំណងជំរុញធ្វើយ៉ាងណាដើម្បីឱ្យសារមន្ទីរមានភាពប្រសើរឡើងក្នុងការទាក់ទាញភ្ញៀវទស្សនា ហើយក៏ធ្វើឱ្យសារមន្ទីរក្លាយទៅជាកន្លែងប្រវត្តិសាស្ត្រ និងកន្លែងអប់រំចំណេះដឹងផងដែរ៕