(ភ្នំពេញ)៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្នកំពុងគេចខ្លួននៅក្រៅប្រទេស ព្រោះតែជាប់ពាក់ព័ន្ធបណ្ដឹង ក្នុងបទបរិហាកេរ មកលើថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល និងបណ្ដឹងព្រហ្មទណ្ឌមួយចំនួនទៀតនោះ បានសរសេរសារបង្ហោះតាមហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់លោកដោយ លោកសុំធ្វើការឆ្លើយបំភ្លឺ នៅតុលាការតាមអ៉ិនធើណិត ព្រោះតែលោកមិនអាចចូល មកឆ្លើយបំភ្លឺនៅចំពោះមុខបាន។
ជាការឆ្លើយតបអ្នកនាំពាក្យ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអះអាងថា អយ្យការមិនអាចទទួលយកសំណើសុំផ្ដល់ចំលើយ បំភ្លឺតាមអ៉ិនធើណិតពីចំងាយបានទេ ព្រោះលោក សម រង្ស៊ី ជាជនជាប់ចោទ ដោយលោកមិនមែនជាសាក្សីនោះទេ។ ក្នុងនោះយោងតាមនីតិវិធីដែលបញ្ញត្តិនៅក្នុងក្រមព្រហ្មទណ្ឌដែលកំពុងស្ថិតនៅ ជាធរមាន គឺជនជាប់ចោទត្រូវស្ដាប់ចំលើយ ចំពោះមុខព្រះរាជអាជ្ញា នៅតាមកាលបរិច្ឆេតកោះហៅ។
មតិមួយចំនួនបានលើកឡើងថា ការបដិសេធរបស់ព្រះរាជអាជ្ញា ដោយយោងទៅលើបញ្ញត្តិ នៃច្បាប់ដែលមានចែង គឺជាការត្រឹមត្រូវ ព្រោះច្បាប់ដែលចែងមក និងអនុម័តឲ្យប្រើគឺជនប្រុសស្រី ដែលរស់នៅក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់ នៃព្រះរាជាណាចក្រកម្ពុជាត្រូវអនុវត្តស្មើរភាពគ្នា គ្មានអ្នកមានជាប់គុកតិច អ្នកក្រជាប់គុកយូរ អ្នកតូចត្រូវតែចូលផ្ដល់ ចំលើយនៅចំពោះមុខ អ្នកធំ ឬអ្នកនយោបាយមានសិទ្ធិផ្ដល់ចំលើយ ពីចំងាយនោះទេ។
គេថាបើតុលាការយោងលើហេតុផល ចេះតែអនុគ្រោះឲ្យផ្ទុយពីច្បាប់ ថ្ងៃនេះលោកប្រធានសុំផ្ដល់ ចំលើយផ្ទុយពីច្បាប់បាន ចុះប្រសិនបើពេលតុលាការរកឃើញ បទល្មើសកាត់ក្ដីឲ្យលោកប្រធាន សងជំងឺចិត្តជនរងគ្រោះ ឬកាត់ក្ដីឲ្យជាប់គុកជាដើមនោះ ស្រាប់តែលោកប្រធានយោងលើហេតុផលផ្សេងៗ សុំសងលុយទៅអ្នកឈ្នះក្ដី ដោយវេរតាមអ៉ិនធើណែត ឬសុំជាប់គុកតាមអ៉ិនធើណិត វាមិនវរវឹកទទឹកស្លាបទៅហើយទេឬអី..!៕