(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានទទួលហិរញ្ញប្បទានឥតសំណង ពីមូលនិធិបរិស្ថានសកល (GEF) តាមរយៈអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) សម្រាប់អនុវត្តគម្រោង «ការលើកកម្ពស់ជីវភាពធន់នឹងអាកាសធាតុ នៃសហគមន៍ផលិតស្រូវ នៅតំបន់បឹងទន្លេសាប (PCRL)»។

ដើម្បីប្រកាសផ្តើមអនុវត្តគម្រោងនេះ អគ្គនាយកដ្ឋានកសិកម្ម (GDA) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF), អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន (GDLC) នៃក្រសួងបរិស្ថាន (MoE) និងដោយមានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការ FAO បានរៀបចំសិក្ខាសាលាប្រកាសផ្តើមអនុវត្តគម្រោង នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។

គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីបង្ហាញអំពីទិដ្ឋភាពទូទៅ របស់គម្រោងដល់ភាគីពាក់ព័ន្ធ ទទួលយោបល់ត្រឡប់ និងពិភាក្សាអំពីសកម្មភាពព្រមទាំងយុទ្ធសាស្ត្រ ក្នុងការអនុវត្តដើម្បីសម្រេចបានលទ្ធផលតាមការគ្រោងទុក។

លោកបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់នូវតម្រូវការជាក់លាក់ ក្នុងការជួយដល់កសិករខ្នាតតូច ដើម្បីលើកកម្ពស់ជីវភាព សន្តិសុខស្បៀងជាតិ សេដ្ឋកិច្ច និងប្រព័ន្ធកសិកម្មដែលធន់នឹងអាកាសធាតុ។

លោកថា រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពចំនួនពីរ សម្រាប់វិស័យកសិកម្មតាមរយៈការណែនាំ យន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន ដែលលើកកម្ពស់ ផលិតកម្មកសិកម្ម ការទទួលបានទីផ្សារ និងស្ថិរភាពតម្លៃក្នុងកម្រិតសមហេតុផល ក៏ដូចជាការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម ទៅគ្រប់ឃុំដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស និងបង្កើតសហគមន៍កសិកម្មនៅតាមជនបទ។

លោកបណ្ឌិតបានបន្តថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈការអភិវឌ្ឍវិស័យកសិកម្ម ដែលជាវិស័យអាទិភាពមួយ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងជាប្រភពចម្បងនៃមុខរបរចិញ្ចឹមជីវិតសម្រាប់ប្រជាជនរស់នៅតាមជនបទភាគច្រើន។

ក្រសួងបរិស្ថាន តាមរយៈអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានកំណត់គោលដៅជាយុទ្ធសាស្រ្តអាទិភាព ក្នុងការអភិវឌ្ឍសហគមន៍មូលដ្ឋាន ដោយផ្តោតលើការបង្កើត និងបង្កើនពិពិធកម្មមុខរបរដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការចូលរួមលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងដើម្បីបង្កើនចំណូលពីការប្រកបរបរកសិកម្ម ការរៀបចំសេវាអេកូទេសចរណ៍ និងមុខរបរដទៃទៀតដែលមិនប៉ះពាល់ ទៅដល់ធនធានធម្មជាតិនៅក្នុងតំបន់។

លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា អាងទន្លេសាបមិនគ្រាន់តែជាតំបន់ភូមិសាស្ត្រ ដែលមានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសរសៃឈាមសម្រាប់ប្រជាជនកម្ពុជា រាប់លាននាក់ដែលពឹងផ្អែកលើធនធាន សម្រាប់ការចិញ្ចឹមជីវិតប្រចាំថ្ងៃ។

លោកស្រីបានបន្ថែមថា អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នឹងអនុវត្តគម្រោង PCRL ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាសហគមន៍នៅជុំវិញតំបន់ទន្លេសាប ការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវចម្រុះ ជាពិសេសដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ទាំងផ្នែកបរិស្ថាន សេដ្ឋកិច្ច សង្គម វប្បធម៌ និងនយោបាយ។

លោកបណ្ឌិត ជូ ជ័យធីរិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម និងជាប្រធានគម្រោង PCRL បានថ្លែងថា គម្រោងនេះមានគោលបំណង ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ ដោយសារអាកាសធាតុ របស់សហគមន៍ដាំស្រូវ និងបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ របស់ប្រជាសហគមន៍ដាំស្រូវនៅតំបន់បឹងទន្លេសាប តាមរយៈការអនុវត្តវិធីសាស្រ្តផលិតកម្មកសិកម្ម ផ្អែកលើប្រព័ន្ធអេកូឡូស៊ី និងជំរុញចរន្តទីផ្សារ។

លោកបណ្ឌិត ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងជានាយកគម្រោង PCRL បានបន្ថែមថា គម្រោងនេះនឹងអាចបំពេញបន្ថែមលើគំនិតផ្តួចផ្តើមជាមូលដ្ឋានរបស់អគ្គនាយកដ្ឋានកសិកម្ម តាមរយៈការវិនិយោគផ្នែកបច្ចេកវិទ្យា នវានុវត្តន៍ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ការពង្រឹងសមត្ថភាពដល់មន្រ្តីពាក់ព័ន្ធ និងសហគមន៍ងាយរងគ្រោះដែលដាំដុះដំណាំស្រូវ ក៏ដូចជាពង្រឹងរចនាសម្ព័ន្ធនៃផលិតកម្មកសិកម្ម ជាពិសេសការអភិវឌ្ឍន៍វិស័យកសិកម្ម និងកាត់បន្ថយភាពងាយរងគ្រោះរបស់សហគមន៍ដោយសារការប្រែប្រួលអាកាសធាតុ។

គម្រោង PCRL អនុវត្តក្នុងខេត្តគោលដៅនៅជុំវិញបឹងទន្លេសាបចំនួន៥ គឺខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ ដែលជាតំបន់ដាំដុះដំណាំស្រូវដ៏សំខាន់ដែលមានភ្លៀងធ្លាក់ច្រើន ប៉ុន្តែលទ្ធភាពប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រមានកម្រិត និងជាទីដែលសហគមន៍ងាយរងគ្រោះភាគច្រើនមានលទ្ធភាពបន្សុំាតិចតួចទៅនឹងការប្រែប្រួលអាកាសធាតុ។

កញ្ញា Rebekah Bell តំណាងអង្គការ FAO ប្រចាំប្រទេសកម្ពុជា បានថ្លែងថា ក្រោមគម្រោងក្របខណ្ឌនៃគម្រោង PCRL, អង្គការ FAO ក៏រីករាយផងដែរក្នុងការសហការជាដៃគូជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ឆ្ពោះទៅរកផលិតកម្មកសិកម្មចម្រុះទូលំទូលាយ ការស្តារឡើងវិញនូវព្រៃឈើ និងប្រព័ន្ធអេកូឡូស៊ី ដើម្បីផ្តល់ផលប្រយោជន៍ដល់ការអភិវឌ្ឍន៍កសិកម្មប្រកបដោយ
និរន្តរភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ផលិតស្រូវ ដែលរស់នៅជុំវិញបឹងទន្លេសាប។

កញ្ញា Rebekah Bell បានបន្ថែមថា តាមរយៈកិច្ចសហការនេះ, អង្គការ FAO និងរាជរដ្ឋាភិបាលកម្ពុជា អាចផ្តល់ការគាំទ្រប្រកបដោយប្រសិទ្ធភាពសម្រាប់វិស័យស្បៀង និងកសិកម្ម ដោយផ្តោតលើឱកាសសេដ្ឋកិច្ច និងបរិស្ថានសម្រាប់កសិករខ្នាតតូចក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕