(ភ្នំពេញ)៖ គណៈគ្រប់គ្រងសាកលវិទ្យាភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានចាត់ទុកការរិះគន់របស់អាណាព្យាបាលនិស្សិតឈ្មោះ រិទ្ធ មេត្តាអនុជ ទៅលើលោកសាស្ត្រាចារ្យ អ៊ុន សកក្កដា ថាជាការយល់ច្រឡំដោយសារ តែខ្វះការទំនាក់ទំនងរវាងអាណាព្យាបាលនិស្សិត និងបែបបទនីតិវិធីនៅសាលាច្បាប់ ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏គណៈមេប្រយោគ បានសម្រេចឲ្យនិស្សិតរូបនេះ បានប្រឡងសងឡើងវិញ ក្រោយពីបានពិនិត្យឃើញថា មានជំងឺភ្នែកជាក់ស្តែងប្រាកដមែន ស្របជាមួយគ្នានេះ ការសិក្សាកន្លងមកក៏បានឆ្លុះបញ្ចាំងឱ្យឃើញថា និស្សិតឈ្មោះ រិទ្ធ មេត្តាអនុជ ក៏ធ្លាប់ទទួលបាននូវលទ្ធផលល្អៗក្នុងមុខវិជ្ជាជាច្រើនផងដែរ ។
យ៉ាងណាមិញ គណៈគ្រប់គ្រងសាលា បានបញ្ជាក់ថា បទបញ្ជាផ្ទៃក្នុងរបស់សាលាគឺតម្រូវឲ្យនិស្សិតត្រូវសុំច្បាប់នៅការិយាល័យសិក្សាគឺពុំមែនសុំច្បាប់តាមរយៈ គ្រូទទួលបន្ទុកមុខវិជ្ជានីមួយៗឡើយ ។ ដោយឡែកក្នុងបទបញ្ជាផ្ទៃក្នុង បានកំណត់ថា អវត្តមានគ្មានច្បាប់ត្រឹម៥ដង និស្សិតត្រូវអនុញ្ញាតឱ្យប្រឡងសង ។ ក៏ប៉ុន្តែ បើចាប់ពី៦ដងឡើងទៅនិស្សិតគ្រប់មុខជំនាញទាំងអស់ ត្រូវតែរៀនសងឡើងវិញ ។
ជាក់ស្តែងក្នុងករណីនិស្សិតឈ្មោះ រិទ្ធ មេត្តាអនុជ នេះ គឺភាគច្រើនសុំច្បាប់តាមរយៈប្រធានថ្នាក់ ដោយពុំបានសុំច្បាប់តាមរយៈការិយាល័យសិក្សា ឬគ្រូទទួលបន្ទុកថ្នាក់របស់ខ្លួននោះទេ ដោយសារតែការសុំនេះមានលក្ខណៈបន្ទាន់ ដោយហេតុថាជំងឺភ្នែកតែងតែធ្វើទុក្ខភ្លាមៗ ហើយផ្ទះក៏នៅឆ្ងាយទៀត ដែលត្រូវជិះម៉ូតូជាងមួយម៉ោងទើបមកដល់សាលា ដែលនេះគឺជាបញ្ហា មិនអាចឱ្យនិស្សិត ក៏ដូចជាអាណាព្យាបាលមានពេលវេលាគ្រប់គ្រាន់ សម្រាប់ដាក់ពាក្យសុំច្បាប់ឱ្យនិស្សិតឈ្មោះ រិទ្ធ មេត្តាអនុជ តាមនីតិវិធីដែលបានកំណត់ដោយសាកលវិទ្យាល័យ។
លើសពីនេះទៅទៀត គឺមានន័យថា និស្សិតរូបនេះ ពុំដែលបានមកជួប លោកសាស្ត្រាចារ្យ អ៊ុន សកក្កដា ដោយផ្ទាល់ម្តងណាឡើយ ដែលករណីនេះ បានបង្ហាញឲ្យឃើញថា និស្សិតរូបនេះ និង លោកសាស្ត្រាចារ្យ អ៊ុន សកក្កដា ពុំដែលមានទំនាក់ទំនង ឬ ទំនាស់អ្វីនឹងគ្នាទាល់តែសោះ។ ជាចុងក្រោយ ដោយយោងលើបញ្ហាទាំងអស់ខាងលើនេះ អាណាព្យាបាលនិស្សិតឈ្មោះ រិទ្ធ មេត្តាអនុជ បានទទួលស្គាល់ថា ការរិះគន់នេះ គឺពិតជាមិនត្រឹមត្រូវគ្រប់ជ្រុងជ្រោយនោះទេ ។ ប៉ុន្តែការរិះគន់កន្លងមក បានធ្វើឡើងដោយសារតែការបង្ខំចិត្តតែប៉ុណ្ណោះ ពីព្រោះពុំមានដំណោះស្រាយសមស្របណាមួយ ហើយក្នុងនាមជាអាណាព្យាបាលនិស្សិត គឺពិតជាមានទឹកចិត្តអាណិត និងក្តីកង្វល់ព្រួយបារម្ភពីស្ថានភាពជំងឺភ្នែករបស់កូនស្រី គួបផ្សំនឹងបញ្ហាជីវភាព ដែលចាំបាច់ត្រូវតែបង្ហាញជាសាធារណៈ ដើម្បីឲ្យមានដំណោះស្រាយណាមួយដែលអាចទទួលយកបានទាំងអស់គ្នា។
ម្យ៉ាងវិញទៀត ក្នុងនាមអាណាព្យាបាល ក៏សូមខន្តីអភ័យទោសនូវការចុះផ្សាយក្នុងពេលកន្លងមកដែលធ្វើអោយប៉ះពាល់ដល់កិត្តិយស របស់លោកសាស្រ្តាចារ្យ អ៊ុន សកក្កដា ឬអាចថា ជាការប៉ះពាល់ដល់កិត្តិយសសាលាជាយថាហេតុ។ ទន្ទឹមនឹងនេះអាណាព្យាបាលនិស្សិត ក៏សូមសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះគណៈគ្រប់គ្រងសាកលវិទ្យាល័យទាំងមូល ព្រមទាំង លោក លោកស្រី ជាសាស្ត្រាចារ្យដែលត្រូវបានចាត់ទុកជាឪពុកម្តាយទីពីរ ដែលបានប្រឹងប្រែងយកអស់ ពីកម្លាំងកាយកម្លាំងចិត្ត ក្នុងការបណ្តុះបណ្តាលធនធានមនុស្សឱ្យមានទាំងចំណេះដឹង ចំណេះធ្វើ សុជីវធម៌ វិន័យ សម្រាប់បន្តវេនជួយដល់ការអភិវឌ្ឍសង្គមជាតិយើង ឱ្យកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត៕