(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យ លោក Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃស្ថានទូតសាធារណៈរដ្ឋឆែកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

នៅក្នុងជំនួបនេះលោក Martin Vávra បានសង្កត់ធ្ងន់លើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់រវាងរដ្ឋាភិបាលសាធារណៈរដ្ឋឆែកជាមួយ ក.ប.ទ. ទៅលើផ្នែកសន្តិសុខសាយប័រ ព្រមទាំងផ្នែកផ្សេងទៀត ដែលជាអាទិភាពរបស់ ក.ប.ទ.។

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានជម្រាបជូនលោក Martin Vávra អំពីការងារ និងសកម្មភាពផ្នែកសន្តិសុខសាយប័រ ក្រោមសមត្ថកិច្ចរបស់ក្រសួង។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានស្នើអំពីកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាឌីជីថល​ និងការអភិវឌ្ឍធនធានមនុស្ស​ ជាពិសេសការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ឬថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកឌីជីថល ដល់និស្សិតកម្ពុជា៕