(ភ្នំពេញ)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានគូសបញ្ជាក់ថា ក្នុងខែតុលា ឆ្នាំ២០២៣នេះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់សរុបចំនួន ៧,៥១៦ គ្រួសារ នៅក្នុងរាជធានី-ចំនួន៩ ។

ក្នុងនោះថ្នាក់កណ្តាល បានឆ្លើយតបចំនួន ៦,២១០គ្រួសារ ដោយពោធិ៍សាត់ ចំនួន ១,៨៤៥គ្រួសារ, កំពង់ស្ពឺ ចំនួន ៨៣៧គ្រួសារ, ភ្នំពេញ ចំនួន ២,៣៩៣គ្រួសារ, បាត់ដំបង ចំនួន​ ១,០១០គ្រួសារ, តាកែវ ចំនួន ១២៥គ្រួសារ។ ចំពោះថ្នាក់សាខាឆ្លើយតបបាន ១,៣០៦គ្រួសារ ក្នុងនោះខេត្ដកំពង់ស្ពឺ ចំនួន ១៣៥គ្រួសារ បាត់ដំបង ចំនួន ១៧៩គ្រួសារ, បន្ទាយមានជ័យ ចំនួន ៥០០គ្រួសារ, សៀមរាប ចំនួន ១៦៨គ្រួសារ, កណ្ដាល ចំនួន ២២០គ្រួសារ, ពោធិ៍សាត់ ចំនួន ២៨គ្រួសារ និងព្រះវិហារ ចំនួន ៧៦គ្រួសារ។

តាមរយៈកិច្ចសម្ភាសជាង៨នាទី របស់លោកស្រី ម៉ែន នារីសោភ័គ ក្នុងឱកាសចុះសួរសុខទុក្ខ និងផ្ដល់អំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ១៣០គ្រួសារ នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ បានឱ្យដឹងទៀតថា នៅក្នុងខែតុលា​ ឆ្នាំ២០២៣នេះ កាកបាទក្រហមកម្ពុជាបានផ្ដល់អំណោយមនុស្សធម៌ជូនគ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀង សរុប ៧,៥១៦គ្រួសារ ក្នុងនោះ ថ្នាក់កណ្ដាល ចំនួន ៦,២១០គ្រួសារ និងសាខា ចំនួន ១,៣០៦គ្រួសារ ដោយនៅតាមបណ្តារាជធានី-ខេត្តចំនួន ៩ រួមមាន៖ រាជធានីភ្នំពេញ, ខេត្តពោធិ៍សាត់, កំពង់ស្ពឺ, បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, កណ្តាល, ព្រះវិហារ និងខេត្តតាកែវ»។

លោកស្រីបន្ថែមថា នៅក្នុងការឆ្លើយតបបន្ទាន់របស់កាកបាទក្រហមកម្ពុជា គឺផ្ដោតទៅលើគ្រួសាររស់នៅលើទីទួលមានសុវត្ថិភាព និងទីកន្លែងដែលងាយរងគ្រោះបំផុតដោយទឹកជំនន់
ហើយកាកបាទក្រហមកម្ពុជា គឺនៅតែបន្ដតៀមជួយប្រជាពលរដ្ឋយើងទាំងនៅក្នុងការឆ្លើយតប ការស្ដារឡើងវិញក្រោមទឹកជំនន់ ដោយមិនផ្អែកតែលើស្បៀងមួយមុខនោះទេ គឺផ្អែកទៅលើសុខភាពប្រជាពលរដ្ឋ ជីវភាព និងលើហេដ្ឋារចនាសម្ព័ន្ធផងដែរ៕

សូមអញ្ជើញទស្សនាកិច្ចសម្ភាសរបស់លោកស្រី ម៉ែន នារីសោភ័គ ដូចតទៅ៖