(សៀមរាប)៖ លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសហព័ន្ឋកីឡាអេឡិកត្រូនិកកម្ពុជា បានលើកឡើងថា អ្នកសារព័ត៌មានមានតួនាទី រាយការណ៍ សរសេរអត្ថបទ នូវរឿងរ៉ាវគ្រប់ប្រធានបទដើម្បីបំរើដល់អ្នកអាន អ្នកស្តាប់ អ្នកមើលនូវរឿងរ៉ាវទាំងនោះ ដោយចាំបាច់ត្រូវគោរពតាមច្បាប់ស្តីពីរបបសារព័ត៌មាន គោរពក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។

លោក ជា ច័ន្ទបរិបូរណ៍ បានលើកឡើងយ៉ាងដូចនេះក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មាន នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅមន្ទីរព័ត៌មានខេត្តសៀមរាប ដោយមានការចូលរួមពីលោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប និងលោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីអ្នកសារព័ត៌មានជាច្រើនផងដែរ។

លោក ជា ច័ន្ទបរិបូរណ៍ បន្តថា ការសរសេរ និងការរាយការណ៍ព័ត៌មាន ត្រូវពឹងផ្អែកទៅលើគោលការ ៦ចំណុច ដែលជាមូលដ្ឋានគ្រឺះសំរាប់ការស្វែងរកអោយឃើញនូវមូលហេតុនៃដំណើររឿងរួមមាន៖ នរណា មានអ្វីដែលកើតឡើង ហេតុការនោះបានកើតឡើងនៅពេលណា នៅឯណា មូលហេតុ និងកើតឡើងបានដោយរបៀបណា។

លោកក៏បានជំរុញ និងណែនាំដល់អ្នកសរសេរព័ត៌មាន ដើម្បីដើរឱ្យទាន់នឹងសិក្សាស្វែងយល់ អំពីការផលិតព័ត៌មាន ក្នុងបរិបទនៃការវិវឌ្ឍន៍បច្ចេកទេសឧស្សាហកម្ម៤.០ និងសារព័ត៌មានតាមប្រព័ន្ធអ៊ិនធឺណែត ព្រោះដោយសារ តែល្បឿននៃការបញ្ជូនព័ត៌មានបានលឿន និងទាន់ហេតុការណ៍នៅតាប្រព័ន្ធអ៊ិនធឺណែត ដោយសារតែការហូរចូលនូវប្រព័ន្ធកុំព្យូទ័រដ៏ច្រើនសន្ធឹកសន្ធាប់នាពេល បច្ចប្បន្ន ក៏ដូចជាវិសាលភាពនៃការរីកចំរើនរបស់សារព័ត៌មានអ៊ិនធឺណែតកាន់តែមានភាពធំឡើងៗ អាស្រ័យទៅដោយឧបករណ៏ ដែលមានភាពទំនើបនាពេលថ្មីៗទាំងនេះ។

ទន្ទឹមនឹងនោះដែរ លោកស្រី ម៉ននី រង្សី បានលើកឡើងថា ស្ថិតក្នុងយុគ្គសម័យឌីជីថល បានធ្វើឱ្យវិស័យព័ត៌មានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយព័ត៌មាន ដែលជះឥទ្ធិពលទាំងវិជ្ជមាន និងអវិជ្ជមានផងដែរ។ កត្តាទាំងពីរ បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើអ្នកស្ដាប់ អ្នកអាន និងអ្នកមើល ព្រោះថា បើព័ត៌មានដែលផ្សាយទៅមានខ្លឹមសារវិជ្ជមាននោះ សង្គមជាតិមិនមានបញ្ហាអ្វីឡើយ ប៉ុន្តែបើព័ត៌មានដែលផ្សាយចេញនោះធ្វើឱ្យអ្នកទទួលពិបាក និងធ្វើឱ្យប៉ះពាល់សង្គមជាតិផងដែរ។

ក្នុងនោះដែរមុននឹងធ្វើការផ្សព្វផ្សាយនូវព័ត៌មានណាមួយ ត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ និងត្រូវអនុវត្តឱ្យស្របតាមវិជ្ជាជីវៈអ្នកសារព័ត៌មាន ជៀសវាងមានផលប៉ះពាល់ណាមួយដល់សង្គម ដូចសម្ដេចតេជោ បានផ្ដល់ពាក្យស្លោកជូនថា អ្នកសារព័ត៌មាន «កុំបំពានសិទ្ធអ្នកដទៃ កុំបំភ្លៃការពិត» ដើម្បីពង្រឹងវិជ្ជាជីវៈ និងជំនឿទុកចិត្តពីសាធារណជន។

លោកស្រីក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំទាំងស្ថាប័នរដ្ឋ និងផ្នែកឯកជនក្នុងវិស័យព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មានមួយចំនួនធំ ដែលបានយកចិត្តទុកដាក់ អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ស្របតាមក្រមសីលធម៌និងវិជ្ជាជីវៈ ក្នុងចុះយកព័ត៌មាន ផលិតព័ត៌មាន ពីព្រឹត្តិការណ៍នានា ដែលកើតមាននៅមូលដ្ឋាន ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងបញ្ជ្រាបព័ត៌មានដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ជាមួយនេះដែរ លោក លីវ សុខុន បានបញ្ជាក់ថា ពិធីជួបសំណេះសំណាលនាពេលនេះ រៀបចំឡើងក្រោមការសហការគាំទ្រពីក្រសួងព័ត៌មាន និងរដ្ឋបាលខេត្តសៀមរាប ស្របតាមការណែនាំរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ ដោយបានណែនាំដល់មន្ទីរព័ត៌មានរាជធានី/ខេត្ត ត្រូវយកចិត្តទុកដាក់រៀបចំកម្មវិធី ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹង និងអភិវឌ្ឍន៍ធនធាន សមត្ថភាព តួនាទីភារកិច្ច និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ដើម្បីបង្កើនប្រសិទ្ឋភាពការងារ បង្កើនភាពស្និទ្ឋស្នាលរវាងអ្នកសារព័ត៌មានជាមួយថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីសំដៅរក្សាបាននូវភាពសុខដុមរមនាក្នុងសង្គម៕