(ភ្នំពេញ)៖ ប្រធានបទសំខាន់ៗចំនួន៣ ត្រូវបានថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា លើកយកមកពិភាក្សាក្នុងកិច្ចប្រជុំបន្ទាន់មួយ។

កិច្ចប្រជុំ «ពិភាក្សាអំពីស្ថានភាព វិស័យសំណង់នៅកម្ពុជា» ត្រូវបានរៀបចំឡើងនៅក្រសួងរៀបចំដែនដី នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ក្រៅតែពីពិភាក្សាលើស្ថានភាពវិស័យសំណង់រួមនៅកម្ពុជា ដែលកំពុងជួបបញ្ហាប្រឈមបច្ចុប្បន្ន និងពិភាក្សាលើស្ថានភាពហិរញ្ញវត្ថុ ដើម្បីរកហិរញ្ញប្បទានជួយគាំទ្រ និងទ្រទ្រង់ដល់វិស័យសំណង់នៅកម្ពុជា ហើយនោះក៏មានការពិភាក្សា លើទិដ្ឋភាពច្បាប់ ដើម្បីអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិស្របច្បាប់ ក្នុងការទិញលំនៅឋាន និងដីនៅក្នុងគម្រោងបុរីផងដែរ។ នេះបើតាមសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។

ក្នុងកិច្ចប្រជុំនោះដែរ ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក៏បានលើកបន្ថែមថា ក្រសួងក៏បានរៀបចំសំណើ និងគោលនយោបាយមួយចំនួនបន្ថែមទៀត ដើម្បីដាក់ស្នើជូនទៅប្រមុខរាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រដល់វិស័យសំណង់។

អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះថា នេះគ្រាន់តែជាសំណើ ដើម្បីរិះរកវិធីក្នុងការដោះស្រាយបញ្ហា ដែលអ្នកអភិវឌ្ឍន៍លំនៅឋានបានជួបប្រទះ។ តែយ៉ាងយើងត្រូវសិក្សាពីច្បាប់ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ក៏ដូចជាសិក្សាពីប្រទេសជិតខាង និងប្រទេសដទៃទៀត ដែលគេអាចធ្វើបាន។

អ្នកឧកញ៉ា លី ហួរ បន្ថែមថា «ករណីនេះគឺពាក់ព័ន្ធនឹងទិដ្ឋភាពផ្លូវច្បាប់ជាច្រើន ដូច្នេះយើងមិនអាចនិយាយមុនបានទេ ទាល់តែយើងធ្វើការសិក្សាឱ្យបានស្រួលបួលសិន»។

សូមជម្របថា ច្បាប់ស្ដីពីការផ្ដល់សិទ្ធិកម្មសិទ្ធិ លើចំណែកឯកជននៃអគារសហកម្មសិទ្ធិ (ខុនដូ) ដល់ជនបរទេស ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១០ ត្រូវបានបង្កើតឡើង ដែលផ្ដល់លក្ខខណ្ឌពិសេស ដល់ជនបរទេសទាំងឡាយ ក្នុងការទទួលបានសិទ្ធិ ក្លាយជាកម្មសិទ្ធិករស្របច្បាប់ លើចំណែកឯកជននៃអគារសហកម្មសិទ្ធិ។ ច្បាប់នេះ ក៏មានគោលបំណងបង្កលក្ខណៈងាយស្រួលដល់ជនបរទេស ក្នុងការមកវិនិយោគទុននៅប្រទេសកម្ពុជា ក៏ដូចជាជួយគាំទ្រដល់ការរីកដុះដាល នៃវិស័យអចលនទ្រព្យ និងវិស័យសំណង់នៅក្នុងប្រទេសផងដែរ៕