(តាកែវ)៖ បន្ទាប់ពីបញ្ចប់ការសំណេះសំណាល និងផ្តល់ការឧបត្ថម្ភអគារសិក្សា និងតារាបាល់ ជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃសាលាបឋមសិក្សា ហាំង-ងោ ស្មៅខ្ញី រួចមក នៅព្រឹកថ្ងៃដដែលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តចុះជួបសំណេះសំណាល ជាមួយនឹងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន បាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ។
ក្នុងឱកាសចុះសំណេះសំណាលនោះដែរ សម្តេចតេជោ ហ៊ុន សែន បានទទួលនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន បាទី ប្រកបដោយភាពរីករាយ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភនូវអគារសិក្សា១ខ្នង មានកម្ពស់៣ជាន់ ស្មើ១៨បន្ទប់ ជូនដល់វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន បាទី ដើម្បីបំពេញតម្រូវការអគារសិក្សាដែលកំពុងតែខ្វះខាតបច្ចុប្បន្ន។
បន្ទាប់មក សម្តេចតេជោ ក៏បានបន្តដំណើរដោយបាន ចុះជួបសំណេះសំណាលជាមួយ កុមារា កុមារី និងបុគ្គលិក បម្រើការងារក្នុងព្រះវិហារ គ្រឹស្ទបរិស័ទ ផលដំបូង ស្ថិតក្នុងភូមិថ្មី ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដោយឧបត្ថម្ភសិស្ស៤៥០នាក់ ម្នាក់ៗទទួលបាន១ម៉ឺនរៀល៕