(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យលោកស្រី Zhong Jie ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម អមស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា ដែលទើបទទួលបានការតែងតាំងថ្មី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ដោយមានការចូលរួមពី លោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត។

ជំនួបនេះរៀបចំឡើង ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ ក្នុងគោលបំណងស្វែងយល់បន្ថែមអំពីសក្តានុពល និងកាលានុវត្តភាព នៃគម្រោងជាអាទិភាពនានារបស់ក្រសួង សម្រាប់នីតិកាលទី៧ ព្រមទាំងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មបន្ថែមទៀត រវាងប្រទេសទាំងពីរ កម្ពុជា-ចិន នៅពេលខាងមុខ។

ឆ្លៀតក្នុងឱកាសនោះលោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ក៏ដូចជាស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដែលតែងតែផ្ដល់ការគាំទ្រ ពិសេសការផ្ដល់ជំនួយទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងការកសាងសមត្ថភាពមន្ត្រីរាជការ ក៏ដូចជាសិស្សនិស្សិតរបស់កម្ពុជាផងដែរ៕