(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលានេះ បានជួបពិភាក្សាការងារជាមួយ លោក Yoshihisa Kainuma អគ្គនាយក្រុមហ៊ុនមីនីបៀ(Minibea)ទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងជំនួបដ៏ស្និទ្ធស្នាលនេះ លោកអគ្គនាយកបានអបអរសាទរលោកហេង សួរដែលត្រូវបានរាជរដ្ឋាភិបាលទុកចិត្តឱ្យកាន់តំណែងជារដ្ឋមន្ត្រីក្នុងអាណត្តិទី៧។

បន្ថែមពីនេះ អគ្គនាយកក្រុមហ៊ុនមីនីបៀ បានថ្លែងអំណរគុណដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការ និងភាពងាយស្រួលក្នុងក្របខណ្ឌវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ដើម្បីសម្រួល​ដល់ការ​វិនិយោគ​របស់​ក្រុមហ៊ុននៅ​កម្ពុជាតាំងពី​ឆ្នាំ២០១១ដែលជាការចាប់ផ្តើមវិនិយោគដំបូង។

ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនមីនីបៀជប៉ុនដែលទទួលការបណ្តុះបណ្តាលកូនជាងដើម្បីឱ្យសិក្ខាកាមមានសមត្ថភាព និងមានជំនាញកាន់តែប្រសើរ ហើយបន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមហ៊ុន បន្តទទួលការបណ្តុះបណ្តាលកូនជាងដើម្បីផ្តល់ឱកាសដល់សិក្ខាកាមឱ្យទទួលបានបទពិសោធន៍បន្ថែម និងការផ្ទេរបច្ចេកវិទ្យាទំនើបរបស់ជប៉ុនសម្រាប់អភិវឌ្ឍជំនាញ និងការពង្រឹងសមត្ថភាពសិក្ខាកាមក្នុងទីផ្សារការងារដែលមានភាពប្រកួតប្រជែង។

លើសពីនេះ ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាល លោករដ្ឋមន្ត្រី បានកោតសរសើរដល់អគ្គនាយកក្រុមហ៊ុនមីនីបៀជប៉ុនដែលបានបង្កើតបរិយាកាសទំនាក់ទំនងវិជ្ជាជីវៈយ៉ាងល្អប្រសើរក្នុងសហគ្រាសដែលជាសហគមន៍សុខសាន្ត៕