(ភ្នំពេញ)៖ នគរបាលខណ្ឌដូនពេញ គិតត្រឹមវេលាម៉ោង៨៖០០នាទីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះ នៅមិនទាន់ដោះលែងសកម្មជនដីធ្លីបឹងកក់ទាំង២នាក់ នៅឡើយទេ គឺ ទេព វណ្ណី និង ប៊ូវ សោភា ពាក់ព័ន្ធការរៀបចំធ្វើយុទ្ធនាការអាវខ្មៅ កាលពីម្សិលមិញ។
មន្រ្តីនគរបាលខណ្ឌដូនពេញ បានបញ្ជាក់ថា «យើងមិនទាន់ឲ្យទៅនៅឡើយទេ ដោយកំពុងបន្តសាកសួរនៅឡើយ»។
សូមបញ្ជាក់ថា សកម្មជនដីធ្លីបឹងកក់២នាក់ គឺអ្នកស្រី ទេព វណ្ណី និង ប៊ូវ សោភា ត្រូវបានកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌដូនពេញ នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ចុះទៅឃាត់ខ្លួន ខណ:ដែលពួកគេ បាននិងកំពុងធ្វើសកម្មភាពយុទ្ធនាការអាវខ្មៅ។
យុទ្ធនាការអាវខ្មៅរបស់សកម្មជនដីធ្លីខាងលើនេះ មិនត្រឹមតែប្រើរូបភាព ជាលក្ខណ:ប្រមូលផ្តុំនោះឡើយ គឺពួកគេបានធ្វើរួបត្លុក ជាមនុស្សដោយសរសេរថា មន្រ្តីពុករលួយ តុលាការ អ្នកបញ្ជាសម្លាប់ និងឃាតក។
ពួកគេបានយករូបត្លុកទាំងនេះ ទៅកប់ចោលនៅក្នុងរណ្តៅដែលជីករួច ស្ថិតនៅទីតាំងបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជាមួយគ្នានេះ នៅម៉ោង៩៖០០ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ម្សិលមិញ សមត្ថកិច្ចខណ្ឌ៧មករា សហការជាមួយអាជ្ញាធរមូលដ្ឋាន បានឃាត់ខ្លួនសកម្មជនដីធ្លីបុរីកីឡា ៤នាក់ ដែលបានដឹកនាំធ្វើយុទ្ធនាការអាវខ្មៅ ដើម្បីទាមទារឱ្យមានការដោះលែង មន្រ្តីសិទ្ធិមនុស្សអាដហុក និងអគ្គលេខាធិការរង គ.ជ.ប។
មនុស្ស៤នាក់ ដែលត្រូវបានឃាត់ខ្លួននោះរួមមាន៖ ១.ឈ្មោះ ស ស៊ន ភេទស្រីអាយុ៥៧ ឆ្នាំ ២.ឈ្មោះភោគ សុភីន ភេទស្រី ៣.ឈ្មោះណាត ស្រីណាក់ ភេទស្រី និង៤.ឈ្មោះ នូ សាត ភេទប្រុស ជាសមាជិក CNRP សង្កាត់អូរឬស្សីទី១។ ពេលនេះពួកគេត្រូវបាន សមត្ថកិច្ចកំពុងធ្វើការសួរនាំ និងអបរំ នៅក្នុងអធិការដ្ឋាននគរបាល ៧មករា។
យុទ្ធនាការអាវខ្មៅ ដែលបង្កើតឡើងដោយ អង្គការសង្គមស៊ីវិល និងជនមួយចំនួន ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ក្រោយពីមានការឃាត់ខ្លួន មន្រ្តីអាដហុក៤នាក់ និងអគ្គលេខាធិការរង គ.ជ.ប ម្នាក់។ ប៉ុន្តែយុទ្ធនាការនេះ ត្រូវបានហាមឃាត់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមហេតុផលថា ជាចលនាដែលមានលក្ខណៈជាបដិវត្តពណ៌។
សូមបញ្ជាក់ថា នៅថ្ងៃចន្ទទី១៥ ខែសីហានេះ តំណាងរាស្រ្តគណបក្សប្រឆាំងមួយចំនួន ក៏បានស្លៀកសំលៀកបំពាក់ខ្មៅនេះដែរ បន្ទាប់ពីគណបក្សនេះ បានប្រកាសចូលរួមយុទ្ធនាការអាវខ្មៅជាបន្តបន្ទាប់ កាលពីសប្តាហ៍មុន៕