(ភ្នំពេញ)៖ លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោករដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានជួបពិភាក្សាការងារជាមួយលោកស្រី Gabriela Stocks ប្រធានការិយាល័យអនុលោមបរិស្ថាន​ និងសង្គម​ប្រចាំកម្ពុជា ហៅកាត់ CAO (Compliance Advisor Ombudsman) នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។

នាឱកាសនោះ លោករដ្ឋលេខាធិការប្រចាំការបានជម្រាបជូនអំពីយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីពន្លឿនការអភិវឌ្ឍឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកបានបន្តថា ដើម្បីឱ្យស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ក្រសួងបាននិងកំពុងអនុវត្តតាមចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជននៅជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន៤ ដូចមាន៖

១-ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡាឱ្យក្លាយជាតំបន់ជនបទសមាហរណកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសេវាកម្មមូលដ្ឋានចាំបាច់ទៅដល់ទីជនបទ។

២-ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទឱ្យប្រជាជននៅជនបទរស់នៅមានភាពថ្លៃថ្នូរ ឥរិយាបថល្អ ប្រកបដោយសុខភាពល្អ និងអនាម័យល្អ ព្រមទាំងមានផាសុកភាព។

៣-ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅទីជនបទ។

៤-ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ដើម្បីពង្រឹងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យមានសមត្ថភាពបម្រើប្រជាជននៅទីជនបទប្រកបដោយសុចរិតភាព និងទទួលខុសត្រូវខ្ពស់។

លោករដ្ឋលេខាធិការប្រចាំការក៏បានលើកឡើងអំពីបេសកកម្មបន្តរបស់ក្រសួងអភិវឌ្ឍន៍ជនបទចំនួន៦ចំណុច និងបញ្ហាប្រឈមខ្លះដែលក្រសួងកំពុងជួបប្រទះ ដូចជា វិបត្តិនៃការប្រែប្រួលអាកាសធាតុ កត្តាថវិកា និងធនធានមនុស្សជាដើម។

លោកស្រីប្រធានការិយាល័យ CAO បានបង្ហាញបំណងចង់សិក្សាយល់ដឹងបន្ថែមអំពីតួនាទីរបស់ក្រសួងអភិវឌ្ឍន៍ជនបទ លើការរៀបចំការចុះបញ្ជីជនជាតិដើមភាគតិចនៅកម្ពុជា និងបទដ្ឋានបច្ចេកទេសក្នុងការត្រួតពិនិត្យលើការស្ថាបនាផ្លូវ និងរៀបចំទឹកស្អាតជូនប្រជាពលរដ្ឋជនបទជាដើម។

ជាមួយគ្នានោះដែរ លោក សួន សេរីរដ្ឋា​ រដ្ឋលេខាធិការទទួលបន្ទុកកិច្ចការងារចុះបញ្ជីជនជាតិដើមភាគតិច ជម្រាបជូនលោកស្រីប្រធានការិយាល័យ CAO ថា​ កម្ពុជា ក្រោយបញ្ចប់សង្គ្រាមស៊ីវិលកន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំបទដ្ឋានគតិយុត្ត ដើម្បីកំណត់អត្តសញ្ញាណជនជាតិដើមភាគតិច ក៏ប៉ុន្តែជនជាតិដើមភាគតិចទាំងនោះមិនមានការរើសអើងនោះទេ គឺពួកគាត់ទទួលបានសេវាថែទាំដូចប្រជាពលរដ្ឋខ្មែរទូទៅ ដែលកម្ពុជាបានកំណត់ក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន។

លោករដ្ឋលេខាធិការបានជម្រាបជូនលោកស្រីប្រធានការិយាល័យវិញថា ក្នុងអាណត្តិទី៧នេះ ក្រសួងបានធ្វើការជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធបានយ៉ាងស្អិតល្មួត ក្រោមឆ័ត្រនៃរាជារដ្ឋាភិបាលកម្ពុជាតែមួយ សំដៅផ្តល់ប្រយោជន៍ពិតជូនដល់ប្រជាពលរដ្ឋ៕