(ភ្នំពេញ)៖ មជ្ឈមណ្ឌលព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កងពលតូចថ្មើរជើងលេខ៣១ ផលិតបានសាប៊ូលាងចាន និងបានចូលរួមពិព័រណ៍ពាណិជ្ជកម្មផលិតផលសេដ្ឋកិច្ចការពារជាតិកម្ពុជា-វៀតណាម ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលតាំងពិពរណ៍កោះពេជ្រ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣។

បើតាមឧត្តមសេនីយ៍ទោ សែត សុខុម គណគ្រប់គ្រងមជ្ឈមណ្ឌល បានលើកឡើងថា ផលិតផលនេះ គឺកើតចេញពីផ្នែកមួយនៃការបណ្តុះបណ្តាលចំណេះជំនាញដល់ជនរងគ្រោះដោយសារគ្រឿងញៀន ដែលកំពុងស្នាក់នៅបន្សាបព្យាបាលផ្តាច់ភាពញៀនគ្រឿងញៀននៅមជ្ឈមណ្ឌលព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនកងពលតូចថ្មើរជើងលេខ៣១ ដែលមានទីតាំងនៅភូមិបាក់នឹម ឃុំច្រែស ស្រុកជុំគិរី ខេត្តកំពត។

ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា មជ្ឈមណ្ឌលព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កងពលតូចថ្មើរជើងលេខ៣១ បានចាប់ផ្តើមដំណើរការកាលពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ននេះទទួលព្យាបាលជនរងគ្រោះដោយសារគ្រឿងញៀនបានជាសះស្បើយចំនួន ២,៦០០នាក់ហើយ៕