(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានចេញសេចក្តីជូនដំណឹង ស្តីពីការអុជកាំជ្រួចអបអរសាទរព្រះរាជពិធីបុណ្យខួបលើកទី១៩ នៃការយាងគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ដើម្បីសម្តែងនូវកតញ្ញូតាធម៌ និងថ្វាយព្រះរាជសព្ទសាធុការពរបវរមហាប្រសើរចំពោះ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ សូមធ្វើការណែនាំដូចតទៅ៖

ទី១- ក្រសួងព្រះបរមរាជវាំង រៀបចំព្រះរាជពិធីបុណ្យខួបលើកទី១៩ នៃទិវាគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះមហាក្សត្រ នៅក្នុងព្រះបរមរាជវាំង តាមព្រះរាជប្បវេណី និងប្រពៃណីសាសនា តាមការសព្វព្រះរាជហឫទ័យ របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ទី២- គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័ន រៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានតុបតែងលម្អភ្លើងពណ៌ ពាក្យស្លោក ថ្វាយព្រះពរ និងសារលិខិតថ្វាយព្រះពរ ព្រមទាំងលើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក នៅតាមក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នរបស់ខ្លួន។

ទី៣- រដ្ឋបាលរាជធានី ខេត្ត រៀបចំព្រះរាជពិធីបុណ្យខួបលើកទី១៩ នៃទិវាគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត ឱ្យបានស័ក្តិសមក្នុងក្របខ័ណ្ឌរាជធានី ខេត្ត។

-រៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដោយមានតុបតែង លម្អភ្លើងពណ៌ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក មានសារលិខិតថ្វាយព្រះពរ និងណែនាំមន្ទីរ អង្គភាព ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានសាធារណៈ សាលារៀន ឱ្យតុបតែងលម្អ ដោយទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក និងបំផុសប្រជារាស្ត្រឱ្យលើកទង់ជាតិ បាន គ្រប់គេហដ្ឋាន ព្រមទាំងរៀបចំឱ្យមានកម្មវិធីចុះសួរសុខទុក្ខអ្នកជំងឺ តាមមន្ទីរពេទ្យបង្អែក កុមារកំព្រា ជនពិការ និងចាស់ជរាគ្មានទីពឹង។

ទី៤- ក្រសួងធម្មការ និងសាសនា ត្រូវណែនាំមន្ទីរធម្មការ និងសាសនា រាជធានី ខេត្ត រម្លឹកគ្រប់វត្តអារាមឱ្យ រៀបចំព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិថ្វាយព្រះរាជកុសល និងព្រះរាជសព្ទសាធុការពរថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ដោយមានតុបតែងលម្អភ្លើងពណ៌ លើកទង់ជាតិ ទង់សាសនាទង់ព្រះមហាក្សត្រ បដាពាក្យស្លោកឱ្យបានសមរម្យ។

ទី៥- ក្រសួងព័ត៌មាន ណែនាំបណ្តាញវិទ្យុ ទូរទស្សន៍ជាតិ និងឯកជន តាមដានយកព័ត៌មាន ធ្វើការផលិត ផ្សព្វផ្សាយទូលំទូលាយនូវព្រះរាជសកម្មភាព និងស្នាព្រះហស្ត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ទី៦- ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ណែនាំគ្រប់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានី ខេត្ត ចាត់តាំងក្រុម តន្ត្រីសិល្បបុរាណ សម័យ សម្ដែងជូនប្រជារាស្ត្រទស្សនាកម្សាន្តសប្បាយនៅតាមទីសាធារណៈ ដើម្បីចូលរួម អបអររសាទរក្នុងទិវាជាប្រវត្តិសាស្ត្រនេះ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣។

ទី៧- ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ណែនាំដល់អង្គភាពក្រោមឱវាទឱ្យសហការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ បម្រើការរៀបចំព្រះរាជពិធីបុណ្យគ្រងព្រះបរមរាជសម្បត្តិរបស់

ព្រះមហាក្សត្រឱ្យធានាបានសុវត្ថិភាពល្អប្រសើរ និងចាត់តាំងឱ្យមានការអុជកាំជ្រួច អបអរសាទរ នៅ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៩:០០នាទីយប់។

ទី៨- គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ រៀបចំកម្មវិធីចុះសួរសុខទុក្ខបងប្អូនអ្នកជំងឺ ដែលកំពុង សម្រាកព្យាបាលនៅតាមបន្ទីរពេទ្យនានា និងចាស់ជរាគ្មានទីពឹង ដោយអំពាវនាវគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័ន អង្គភាព ឱ្យចូលរួមជួយឧបត្ថម្ភអំណោយជាសម្ភារថវិកា។
គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ សង្ឃឹមថា ថ្នាក់ដឹកនាំគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត នឹងអនុវត្តតាមស្មារតី នៃផែនការណែនាំនេះ ឱ្យទទួលបានលទ្ធផលល្អប្រសើរ៕