(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣នេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យ លោកស្រីបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រេសួង និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត។

ជំនួបនេះមានគោលបំណងក្នុងការពង្រឹង និងពង្រីកចំណងការទូត និងកិច្ចសហប្រតិបត្តិការល្អៗ រវាងប្រទេសទាំងពីរដែលធ្លាប់មានកន្លងមក ជាពិសេសលើវិស័យសាធារណការ និងដឹកជញ្ជូន នៅកម្ពុជា។

ក្នុងនោះលោកស្រីបណ្ឌិត Devyani Uttam Khobragade បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់លើការរៀបចំគម្រោងអភិវឌ្ឍន៍នានារបស់ក្រសួង សម្រាប់នីតិកាលទី៧នេះ ដោយរំពឹងថា ភាគីឥណ្ឌានឹងមានឱកាសក្នុងការចូលរួមសហការ នាពេលអនាគតផងដែរ៕