(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលានេះ បានបើកវគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី «វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» ដើម្បីគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ ដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

វគ្គវិក្រឹតការនេះ គឺជាវគ្គទី១ដែលបណ្តុះបណ្តាលគ្រូឧទ្ទេសចូលរួមប្រមាណ២៤៨នាក់មកពីសាលាបណ្តុះបណ្តាលបច្ចេកទេសនៅទូទាំងប្រទេស។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វគ្គវិក្រឹតការនេះ ដើម្បីពង្រឹង និងពង្រីកចំណេះដឹង និងជំនាញរបស់គ្រូឧទ្ទេសឱ្យកាន់តែស៊ីជម្រៅតាមជំនាញនីមួយៗ ជាពិសេសមានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់ម៉ូឌុលតាមជំនាញក្នុងការផ្ទេរចំណេះដឹង និងជំនាញដល់សិក្ខាកាមសិស្ស និស្សិតឱ្យមានកម្រិតស្តង់ដារជាក់លាក់ច្បាស់លាស់ដើម្បីធានាថា សិក្ខាកាមដែលជាយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យមានសមត្ថភាពជាក់លាក់ដែលវិស័យឯកជនទទួលយកដោយក្តីសោមន្ស និងវាយតម្លៃខ្ពស់។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានរំលឹកដល់គ្រូឧទ្ទេសពីដើមចមនៃការរៀបចំកម្មវិធីបណ្តុះបណ្តាលជូនយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះនេះ ថាជាការគិតគូរយ៉ាងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្នុងគោលបំណងធ្វើឱ្យយុវជនមកពីគ្រួសារក្រីក្រនិងងាយរងគ្រោះអាចទទួលបានជំនាញជាក់លាក់ច្បាស់លាស់ដើម្បីអាចទទួលបានឱកាសការងារសមរម្យ និងឆាប់រហ័សក្នុងទីផ្សារការងារ។

ប្រការនេះ គឺជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាពយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យដែលអាចចាកចេញពីស្ថានភាពក្រីក្រលំបាកយ៉ាងឆាប់រហ័ស។ តាមរយៈការបណ្តុះបណ្តាលកម្រិតថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលនេះ នឹងក្លាយជា ពលករជំនាញ អ្នកបច្ចេកទេស ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

សូមបញ្ជាក់ថា វគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី «វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ»នេះ នឹងចាប់ផ្តើមបណ្តុះបណ្តាលពីថ្ងៃទី២៦ ខែតុលានេះ រហូតដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយក្រសួង ក៏នឹងបន្តវគ្គវិក្រឹតការជាបន្តបន្ទាប់ដើម្បីពង្រឹងសមត្ថភាពដល់គ្រូឧទ្ទេសទៅតាមនិយាមស្តង់ដារក្នុងគោលបំណងធានាការផ្ទេរជំនាញដល់យុវជនយ៉ាងមានប្រសិទ្ធភាព៕