(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី ហ្វីឡូមីណា ញាណាប្រាហ្គាសាម PhiloMena Gnanapra Gasam ) នាយកលេខាធិការដ្ឋាន វិទ្យាស្ថានតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ AIBD។

ពានរង្វាន់កោតសរសើរ «AIBD Appreciation Award 2023» សម្រាប់ប្រទេសកម្ពុជា ពិសេសក្រសួងព័ត៌មាន បានជួយដល់ AIBD ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់សម្រាប់វិស័យផ្សព្វផ្សាយ និងរួមចំណែកដល់ការរីកចម្រើន នៃឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិករយៈពេល២២ ឆ្នាំកន្លងមកនេះ ត្រូវបាន លោកស្រី ហ្វីឡូមីណា ញាណាប្រាហ្គាសាម យកមកប្រគល់ជូនលោក នេត្រ ភក្ត្រា នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន។

ពានរង្វាន់នេះ គឺជាការទទួលស្គាល់ការខិតខំប្រឹងប្រែងជាប់លាប់របស់កម្ពុជា ក្នុងការបន្តបេសកកម្មរបស់ AIBD ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់លើវិស័យព័ត៌មានឲ្យមានការរីកចំរើន។

តាមរយៈជោគជ័យនៃកិច្ចការងារដ៏ល្អនេះ លោកស្រី ហ្វីឡូមីណា ញាណាប្រាហ្គាសាម ស្នើដល់រដ្ឋមន្រ្តី នេត្រ ភក្ត្រា បន្តជួយគាំទ្រធ្វើកិច្ចសហប្រតិបត្តិជាមួយ AIBD ឲ្យកាន់តែល្អប្រសើរថែមទៀត ហើយខាង AIBD សន្យាបន្តជួយធ្វើការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យព័ត៌មាន រួមទាំងការចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលាងលុយកង្វក់។

ឆ្លៀតក្នុងឱកាសនេះដែរ ថ្នាក់ដឹកនាំ វិទ្យាស្ថានតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ AIBD បានសំដែងនូវការចូលរួមអបអរសាទរចំពោះលោក នេត្រ ភក្រ្តា ដែលត្រូវបានឡើងកាន់តំណែងជា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងអាណត្តិទី ៧ នៃរាជរដ្ឋាភិបាលកម្ពុជា ហើយសង្ឃឹមថាលោករដ្ឋមន្រ្តី នៅតែបន្តការគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូក្នុងវិស័យព័ត៌មាន ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង ព័ត៌មានក្លែងក្លាយ។

រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការគ្នាយ៉ាងល្អ រវាងក្រសួងព័ត៌មានកម្ពុជា ជាមួយ AIBD អស់រយៈពេលជាច្រើនឆ្នាំមកនេះ ហើយលោកនឹងបន្តគាំទ្រ ដល់កិច្ចការងាររបស់ AIBD ទៅមុខទៀត។ តាមរយៈនេះដែរ លោកសង្ឃឹមថា AIBD នឹងបន្តជួយដល់ក្រសួងព័ត៌មាន លើការងារបណ្តុះបណ្តាលធនធានមនុស្សបានកាន់តែច្រើនបន្ថែមទៀត ព្រោះក្រសួងមានទីតាំងសមរម្យ ជាវិទ្យាស្ថានសម្រាប់កិច្ចការងារបណ្តុះបណ្តាល ដោយគ្រាន់តែខាង AIDB បញ្ជូនគ្រូបង្គោល មកឧទ្ទេសនាមពន្យល់បង្ហាត់បង្រៀនគឺជាការល្អ ហើយចំណាយតិចផងដែរ៕