(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកក្នុងកិច្ចការងារមនុស្សធម៍ ជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ ព្រះគ្រូចៅអធិការចំនួន២៤វត្ត បានឧបត្ថម្ភទេយ្យទាន ទេយ្យវត្ថុ និងថវិកា ដល់អាជ្ញាធរខណ្ឌសំរាប់ទ្រទ្រង់ការងារមនុស្សធម៍ ជួយដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ជនងាយរងគ្រោះ ជនចាស់ជរា គ្មានទីពឹង ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ។

ពិធីប្រគល់-ទទួល ទេយ្យទាន ទេយ្យវត្ថុ និងថវិកានេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅវត្តកំសាន្ត ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្រោមអធិបតីភាពលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងព្រះអធិបតីភាពព្រះគ្រូចៅអធិការវត្តកំសាន្ត ព្រះនាម សៅរ៍ មុនី ជាព្រះអនុគណខណ្ឌច្បារអំពៅ ។

បន្ទាប់ពីទទួលបានទេយ្យទាន ទេយ្យវត្ថុ និងថវិកា លោក ចេង មុនីរ៉ា បានថ្លែងអំណអរគុណដល់ទឹកព្រះទ័យរបស់ព្រះគ្រូចៅអធិការវត្តទាំង២៤ ដែលជានិច្ចកាលតែងតែចូលរួមចំណែកកិច្ចការងារមនុស្សធម៌ជួយឧបត្ថម្ភទេយ្យទាន ទេយ្យវត្ថុ និងថវិកា ដល់អាជ្ញាធរខណ្ឌ សំរាប់យកទៅចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ប្រជាពលដ្ឋរងគ្រោះដោយអគ្គីភ័យឆេះផ្ទះ ចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ បានសន្យាថានិងប្រើប្រាស់ជំនួយនេះឱ្យចំទិសដៅ ដោយនាំយកជំនួយទាំងអស់នេះបែងចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដោយផ្ទាល់ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ឬសាសនាអ្វីឡើយ ពោលគឺអនុវត្តតាមគោលការណែនាំរបស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន៕