(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ស្អែកនេះ ដេប៉ាតឺម៉ងចិត្តវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងរៀបចំទិវាសុខភាពផ្លូវចិត្តពិភពលោក (World Mental Health Day) នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ជាមួយនឹងការបើកឱកាសឱ្យមហាជន ជាពិសេសយុវជន បានចូលរួមដោយសេរី នឹងជួបជាមួយអ្នកជំនាញផ្លូវចិត្ត ក៏ដូចជាសាស្ត្រាចារ្យ ជំនាញចិត្តវិទ្យាជាច្រើនរូប រួមទាំងមានវាគ្មិនជាគណៈអធិបតីដ៏សំខាន់ គឺព្រះមេធានុរ័ក្ខ គូ សុភាព ផងដែរ។

ទិវាសុខភាពផ្លូវចិត្តពិភពលោករបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញនាព្រឹកស្អែកនេះ នឹងនាំមកនូវព្រឹត្តិការណ៍សំខាន់ៗ ក្នុងវិស័យសុខភាពផ្លូវចិត្ត ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាសុខភាពផ្លូវចិត្ត នៅក្នុងប្រទេសកម្ពុជា ជាពិសេសសុខភាពផ្លូវចិត្តរបស់យុវជន។

សិស្ស និស្សិត និងសាធារណៈជនអាចអញ្ជើញចូលរួមគ្រប់ ពេលកំឡុងពេលពេញមួយព្រឹក នៃកម្មវិធីដើម្បីស្តាប់បទបង្ហាញរបស់អ្នកជំនាញ និងការបញ្ចាំងខ្សែវីដេអូ ស្ដីអំពីសុខភាពផ្លូវចិត្ត ការអប់រំផ្នែកចិត្តសាស្ត្រ បទបង្ហាញផ្ទាំងរូបភាពលំហាត់ Yoga អនុវត្តការដោះស្រាយបញ្ហាផ្លូវចិត្ត ដោយការគូសរូប ឬការចូលរួមក្នុងសកម្មភាពសប្បាយៗមួយចំនួនទៀតដូចជា៖ ការព្យាបាល តាមបែបសិល្បៈ និងការទទួលបាននូវបទពិសោធន៍អំពីជំនួបដោយផ្ទាល់ក្នុងការប្រឹក្សាយោបល់។

គួរបញ្ជាក់ដែរថាមូលហេតុដែលនាំឱ្យមានបញ្ហាផ្លូវចិត្ត មាន ៣សំខាន់ៗ គឺ៖

*ទី១៖ កត្តាជីវសាស្ត្រ៖ ជាកត្តាដែលទទួលបានពីកំណើត បើយោងតាមការសិក្សា បានបង្ហាញថា ប្រសិនបើក្នុងគ្រួសារមានឱពុក ឫម្តាយ មានបញ្ហាផ្លូវចិត្ត អត្រាកូនដែលអាចទទួលបានបញ្ហាផ្លូវចិត្ត មានរហូតទៅដល់ ៤០% ទៅ ៥០% ហើយប្រសិនបើនៅក្នុងគ្រួសារនោះមានទាំងឱពុក និង​ម្តាយ​ មានបញ្ហាផ្លូវចិត្ត កូនអាចប្រឈមនិងបញ្ហាផ្លូវចិត្តមានរហូតដល់៧០% ។

*ទី២៖ កត្តាចិត្តសាស្ត្រ៖ គឺពាក់ព័ន្ធទៅលើការគិត​របស់ខ្លួនឯង និងការឱ្យតម្លៃលើខ្លួនឯង ការប្រៀបធៀបខ្លួនឯង ជាមួយអ្នកដទៃច្រើនពេក ក៏អាចមានបញ្ហាផ្លូវចិត្តផងដែរ​។

*ទី៣៖ កត្តាសង្គម៖​ ពាក់ព័ន្ធជាមួយនឹងសកម្មភាព និងស្ថានភាពនៅក្នុង​សង្គម ពេលខ្លះដោយសារតែមានស្ថានភាពតានតឹងនៅក្នុងសង្គមច្រើន ជាក់ស្តែងដូចជា​នៅក្នុងគ្រួសារពោរពេញដោយអំពើហិង្សា កូននឹងទទួលរងបញ្ហាផ្លូវចិត្ត៕