(កំពង់ឆ្នាំង)៖ យុវជនម្នាក់បានអះអាងថា ខ្លួនត្រូវបានមន្ដ្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ព្រួតគ្នាវាយធ្វើបាប និងយកដំបងឆក់មកឆក់លើរាងកាយបណ្តាលឲ្យរងរបួសជាទម្ងន់ កាលពីម៉ោង ១០៖៣០នាទីយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ។

បុរសឈ្មោះ ស៊ុន ប៊ុនហុង អាយុ៣២ឆ្នាំ មានទីលំនៅក្នុងភូមិកំពង់បឹង ឃុំកំពង់ហាវ ស្រុកកំពង់លែង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ថា នៅយប់កើតហេតុមានកម្មវិធីខនស៉ឺតមួយ រៀបចំនៅមុខអធិការដ្ឋាននគរបាលស្រុកកំពង់លែង ខណៈនោះខ្លួន និងក្មួយប្រុសម្នាក់ទៀត បានទៅដើរលេង។ លុះនៅវេលាខាងលើជនរងគ្រោះ និងក្មួយ និងយុវជនមួយក្រុមទៀត ដែលមានទីលំនៅក្នុងភូមិដា ឃុំដា ស្រុកកំពង់លែង បានប៉ះសំដីគ្នាមួយប្រាវដោយសារតែមានការយល់ច្រឡំគ្នា បន្ទាប់ពីស្គាល់គ្នាទាំងជនរងគ្រោះ និងយុវជនក្នុងឃុំដា បានសុំទោសគ្នាទៅវិញទៅមក រួចក៏បែកផ្លូវគ្នាជាធម្មតា។

បន្ទាប់ពីបែកផ្លូវគ្នាមករូបគេ និងក្មួយប្រុសពីរនាក់បានដើរមកមើលកម្មវិធីជាបន្ត ពេលដើរមកដល់ចំណុចមុខផ្ទះឈ្មោះ ឡុង ភារិទ្ធ ដែលជាមន្ត្រីនគរបាល នៃអធិការរដ្ឋាននគរបាលស្រុកកំពង់លែង។ ខណៈនោះក៏មានឈ្មោះ ថាង វៃ ដែលជាមន្ត្រីនគរបាលដែរនោះ បានយកដំបងសម្រាប់បញ្ជាចរាចរណ៍មកវាយក្បាលក្មួយប្រុសរបស់ជនរងគ្រោះ ដែលកំពុងតែធ្វើដំណើរជាមួយគ្នា។

ពេលឃើញដូច្នេះជនរងគ្រោះក៏បានសួរទៅសមត្ថកិច្ចនោះថា «តើក្មួយខ្ញុំខុសអី បានជាពូយកដំបងមកវាយក្បាលគាត់?»។ ពេលនោះឈ្មោះ ឡុង ភារិទ្ធ បានមកច្រានទ្រូងជនរងគ្រោះមួយទំហឹង ចំនួន២ដង បន្ទាប់ពីជនរងគ្រោះ និងសមត្ថកិច្ចខាងលើនេះប្រកែកគ្នាទៅមក ក៏ស្រាប់តែមានសមត្ថកិច្ចផ្សេងទៀត ដែលកំពុងអង្គុយផឹកនៅក្បែរនោះដែរ ក៏បានស្ទុះមកព្រួតគ្នាចាប់វាយ នឹងយកដំបងឆក់មកឆក់ជនរងគ្រោះជាច្រើនកន្លែង បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ មិនតែប៉ុណ្ណោះនគរបាលថែមទាំងបានយកជនរងគ្រោះពីរនាក់ក្មួយ ទៅឃុំនៅក្នុងអធិការដ្ឋាននគរបាលស្រុកកំពង់លែង មួយយប់រហូតដល់ម៉ោង១០៖០០នាទីព្រឹក ទើបដោះលែងវិញ។

លុះនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹង នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីទាមទាររកយុត្តិធម៌តែមកដល់ពេលនេះ ខាងស្នងការពុំទាន់បានកោះហៅជនរងគ្រោះទៅធ្វើការដោះស្រាយ នៅឡើយនោះទេ។ ជនរងគ្រោះ និងក្រុមគ្រួសារ បានធ្វើការសំណូមពរដល់ថ្នាក់ដឹកនាំ និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ មេត្តាផ្ដល់យុត្តិធម៌ដល់ពួកគាត់។

ពាក់ព័ន្ធករណីនេះ លោក ប៉ាល់ ជឿន អធិការនគរបាលស្រុកកំពង់លែង បានអះអាងថា នៅយប់កើតហេតុពិតជាមានក្មេង២ក្រុមមានការទាស់ទែងគ្នា ហើយសមត្ថកិច្ចបានចុះទៅហាមឃាត់ ក៏ប៉ុន្តែភាគីម្ខាងនោះមានការ ច្រង៉ែងច្រង៉ាងទើបសមត្ថកិច្ចមានការប៉ះទង្គិចខ្លះ។ ករណីនេះលោកក៏មិនបដិសេធដែរ ហើយលោកក៏បានហៅមកធ្វើការដោះស្រាយម្ដងរួចមកហើយ តែភាគីជនរងគ្រោះមិនព្រម ទើបលោកសុំឲ្យភាគីជនរងគ្រោះ ទៅព្យាបាលខ្លួនឲ្យជាសិន ទើបមកដោះស្រាយគ្នាម្ដងទៀត។ ថ្ងៃស្អែកនេះ លោកអភិបាលស្រុកកំពង់លែង នឹងកោះ ហៅភាគីទាំងសងខាងមកធ្វើការសម្របសម្រួល។

លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានឲ្យដឹងថា ករណីនេះលោកបានទទួលសេចក្តីរាយការណ៍ពីលោកអធិការស្រុករួចហើយ លោកក៏បានបញ្ជាក់ថា បើមិនមានហេតុ វាក៏មិនមានផលដែរ តែទោះជាយ៉ាងណា លោកនឹងកោះអញ្ជើញភាគីទាំងសងខាងមកធ្វើការសម្របសម្រួល នៅថ្ងៃទី២៧ ខែតុលាស្អែកនេះ៕