(កណ្តាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអំពាវនាវមន្ទីរ អង្គភាព សប្បុរសជន អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ ជាពិសេសប្រជាពលរដ្ឋ សូមបន្តចូលរួមជួយឧបត្ថម្ភគាំទ្រ និងពង្រឹងសមាគមមនុស្សចាស់ក្នុងមូលដ្ឋានរបស់ខ្លួនដែលមានស្រាប់ឱ្យកាន់តែប្រសើរឡើង ដើម្បីរួមចំណែកលើកស្ទួយជីវភាព និងសុខុមាលភាពមនុស្សវ័យចាស់ ជាពិសេសជនចាស់ជរាដែលកំពុងជួបការលំបាកខ្លាំង និងគ្មានទីពឹង ។

លោក គង់ សោភ័ណ្ឌ ក៏បានណែនាំឱ្យអភិបាលក្រុង-ស្រុក និងលោក លោកស្រី ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ ដែលបានបង្កើតសមាគមមនុស្សចាស់រួចហើយ សូមបន្តយកចិត្តទុកដាក់គាំទ្រ និងពង្រឹងសមាគមមនុស្សចាស់ឱ្យមានដំណើរការកាន់តែល្អប្រសើរ។

លោកអភិបាលខេត្ត បានអំពាវនាវបែបនេះនៅក្នុងទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា លើកទី២៥ ឆ្នាំ២០២៣ ដែលបានរៀបចំឡើងនៅសាលាខេត្តកណ្តាល នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ដោយមានការចូលរួមពីអភិបាលក្រុង-ស្រុក មន្ទីរជុំវិញខេត្ត និងជនវ័យចាស់ប្រមាណ៣០០នាក់។

លោកអភិបាលខេត្តបញ្ជាក់ថា ទិវាមនុស្សចាស់ ជាទិវាមួយសម្រាប់រំលឹកគុណដល់លោកតា លោកយាយ អ៊ុំ មា មីង ជាមនុស្សវ័យចាស់ និងបុព្វការីជនដែលជាអ្នកបានចូលរួមកសាង អភិវឌ្ឍន៍សង្គមជាតិ ជាអ្នកផ្តល់ និងរក្សាទំនៀមទំលាប់ ប្រពៃណីដ៏ល្អ កេរ្តិ៍មរតក សម្បត្តិវប្បធម៌ដ៏សម្បូរបែប អប់រំប្រៀនប្រដៅប្រកបដោយគតិបណ្ឌិត ផ្តល់នូវចំណេះដឹង ចំណេះធ្វើ ជំនាញវិជ្ជាជីវៈ និងបទពិសោធន៍យ៉ាងច្រើនសម្រាប់មនុស្សជំនាន់ក្រោយ។

តាមរបាយការណ៍លោក លី សុខធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានខេត្ត គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ ខេត្តកណ្តាលបានបង្កើតសមាគមមនុស្សចាស់ បានចំនួន ១៣៣សមាគម លើ១២៧ឃុំ-សង្កាត់ មានសមាជិក សរុបចំនួន ៩២,៩០៥ នាក់ មានប្រាក់តំកល់ ៩៥០,០៣០,៦០០រៀល (៩៥០ លាន ៣០ពាន់ ៦០០ រៀល)។ ក្នុងនោះ សមាគមមានដំណើរការល្អសល់ប្រាក់មានចំនួន ១២០សមាគម និងសមាគមដំណើរការមធ្យមមានចំនួន១៣សមាគម៕