(ភ្នំពេញ)៖ ភាគីកម្ពុជាទទួលជំនួយហិរញ្ញប្បទានឥតសំណងពីភាគីជប៉ុនសរុបប្រមាណ ៩.៧លានដុល្លារ ដើម្បីយកមកអនុវត្ត «គម្រោងកសាងបណ្តាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបទូទាំងប្រទេស» ក្នុងគោលបំណងពន្លឿនការអង្កេតវាស់វែងសុរិយោដី និងពង្រឹងសេវារដ្ឋបាលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី។

កិច្ចសហប្រតិបត្តិការងារធ្វើឡើងតាមរយៈលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ខណៈឯកសារពាក់ព័ន្ធនានាត្រូវបានចុះហត្ថលេខា ដោយលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកឯកអគ្គរដ្ឋទូត អ៊ូអិណុ អាត់ត្សឹស៊ី (UENO Atsushi) នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។

ការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនមកឱ្យរាជរដ្ឋាភិបាលកម្ពុជានេះ គឺមានទឹកប្រាក់ចំនួន១.៣៣៨លានយ៉េន (មួយចុចបីរយសាមសិបបីលានយ៉េន) ឬស្មើប្រមាណ៩.៧លានដុល្លារអាមេរិក (ប្រាំបួនចុចប្រាំពីរលានដុល្លារអាមេរិក) ដើម្បីអនុវត្តគម្រោងកសាងបណ្តាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបទូទាំងប្រទេស។

គម្រោងខាងលើនេះមានគោលបំណងពន្លឿនការអង្កេតវាស់វែងសុរិយោដី និងពង្រឹងសេវារដ្ឋបាលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី តាមរយៈការដំឡើងស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប ដើម្បីរួមចំណែកដល់ការលើកកម្ពស់គម្រោងហេដ្ឋារចនាសម្ពន្ធនានា។

ភាគីទាំងពីរបានបញ្ជាក់ថា «ខណៈដែលប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ និងដីធ្លីយ៉ាងឆាប់រហ័សដូចពេលបច្ចុប្បន្ន ការដំឡើងស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបនៅទូទាំងប្រទេសកម្ពុជានេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់»

ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា តាងនាមរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋកម្ពុជា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលនៅតែបន្តការជំនួយអភិវឌ្ឍដល់ប្រទេសកម្ពុជា។

លោកឧបនាយករដ្ឋមន្រ្តីបានបន្តថា ជំនួយរបស់ភាគីជប៉ុនគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ ដូចជា ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ សុខាភិបាល អប់រំ ការផ្គត់ផ្គង់ទឹកស្អាត និងការដោះមីនជាដើម ដែលនេះឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់របស់ជប៉ុនក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា៕