(ភ្នំពេញ)៖ កម្លាំងនគរបាលផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ បានបន្តប្រតិបត្តិការតាមបង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន៤នាក់បន្ថែមទៀត ដោយធ្វើការដកហូតថ្នាំ៦កញ្ចប់ ដាវសាំម៉ូរៃមួយ និងឧបករណ៍សម្រាប់ជក់មួយចំនួនទៀត។
មន្រ្តីនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ការបង្ក្រាបក្រុមចែកចាយ និងប្រើប្រាស់គ្រឿងញៀនខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង៧៖៣០នាទីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នៅចំណុចបន្ទប់ជួល ដំបូលខៀវក្រោយពេទ្យឯករាជ្យ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា មុនឈានទៅដល់ការឃាត់ខ្លួនជនង្ស័យ គឺនៅវេលាម៉ោង៣រសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នៅចំណុចក្នុងបរិវេណ ផ្ទះជួលដំបូលខៀង មានជនសង្ស័យម្នាក់ជិះម៉ូតូហ្វីណូមួយគ្រឿង ដោយមានការសង្ស័យក៏ដើរទៅជិតបំណងធ្វើការឆែកឆេរ ភ្លាមនោះជនសង្ស័យក៏បានរត់ផ្លោះរបងគេចខ្លួនបាត់ ដោយបន្សល់ទុកម៉ូតូ នៅកន្លែងកើតហេតុ។
សមត្ថកិច្ចបានបន្តថា បន្ទាប់ពីជនសង្ស័យគេចខ្លួនបាត់ សមត្ថកិច្ចក៏បានធ្វើការឆែកឆេរក្នុងម៉ូតូរកឃើញដាវសាំម៉ូរ៉ៃមួយគ្រឿង និងជញ្ជីងថ្លឹងមួយ ទើបយកទៅរក្សាទុកនៅប៉ុស្តិ៍ចោមចៅតែម្តង។
សមត្ថកិច្ចបានបន្តទៀតថា រហូតមកដល់វេលាម៉ោង៧៖៣០នាទីយប់ ខែឆ្នាំដដែល មានការរាយការណ៍ពីសន្តិសុខឃើញជនសង្ស័យមកសំងំ ក្នុងបន្ទប់លេខ S2-72 ទើបកម្លាំងសមត្ថកិច្ចចុះធ្វើការឃាត់ខ្លួន បានភ្លាមៗតែម្តង រួមជាមួយថ្នាំញៀនមួយកញ្ចប់១ថែមទៀត។
ក្រោយពេលកើតហេតុជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចនាំខ្លួន យកទៅទីស្នាក់ការនគរបាលរដ្ឋបាលចោមចៅ ក៏សាងសំណុំរឿងបញ្ជូនទៅអិការដ្ឋាននគរបាលខណ្ឌ ចាត់ការបន្តទៀត៕